ខេត្តក្រចេះ៖ លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជល ផលខេត្តក្រចេះបានសំដែងនូវការសោកស្ដាយចំពោះការងាប់ជាបន្តបន្ទាប់សត្វផ្សោតសិក្សានៅខេត្តក្រចេះ។ដោយសារតែការនេសាទរបស់ប្រជាពលរដ្ឋទើបឲ្យសត្វផ្សោតត្រូវជាប់មងនិងងាប់នពេលកន្លងមក។
បើតាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាគិតមក ដល់ចុងឆ្នាំ២០២២នេះ សត្វផ្សោតសរុប ១១ ក្បាលបានងាប់ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។គឺជាតួលេខដែលគួរឲ្យព្រួយបារម្ភ។
ករណីចុងក្រោយមួយបានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ ដោយសត្វផ្សោតដែលមានសុខភាព ល្អមួយក្បាលទៀតបានងាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាង ក្រោមតំបន់អន្លង់កាំពី ស្រុកសំបូរ ខេត្តក្រចេះ។
បើយោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា ក្រោយការពិនិត្យ សាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជល ផល ខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជា បឋមថា សត្វផ្សោតមួយក្បាលនេះ បានងាប់ក្រោយពីបានរមួលខ្លួនជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាម សន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។ សត្វផ្សោតដែលបានងាប់នេះ ជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ ។
លោក បន្ដថា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះមន្រ្តី ឆ្មាំទន្លេ និងមន្រ្តីអនុវត្តន៍ច្បាប់ ពាក់ព័ន្ធទាំងអស់ ត្រូវមានវត្តមានរយះពេល២៤ម៉ោង ក្នុង១ថ្ងៃ ក្នុងមួយសប្តាហ៍នីមួយៗ ដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងតំបន់សត្វផ្សោត ព្រោះថាមិនដល់១០ថ្ងៃផង សត្វផ្សោតវ័យបន្តពូជចំនួន ៣ក្បាល បានងាប់ជាបន្តបន្ទាប់។
លោក ម៉ក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានបញ្ជាក់ថា ដោយរយៈកាល កន្លងមកថ្មីៗនេះសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ មានការងាប់ជាបន្តបន្ទាប់ដោយសារ ការជាប់មង ដោយសាររងនូវការឆក់ត្រីក៏ដូចជាបញ្ហាផ្សេងៗទៀត ក្នុងនាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងក្នុងនាមលោកផ្ទាល់ជានាយខណ្ឌ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាស់ ដែលអនុក្រិត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះ រួមមាន៖ ឧបករណ៍ ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ ៕ ដោយ៖ សូរិយា