សម្ដេចក្រឡាហោម ស ខេង ៖ បើខ្លួនធ្វើជាប៉ូលីស បែរជាប្រើប្រាស់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ តួនាទីនគរបាល គឺរក្សាសន្តិសុខ

ចែករំលែក៖

ភ្នំពេញ :សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាជក់គ្រឿងញៀន គឺបង្កហានិភ័យធំណាស់ ខណៈតួនាទីនគរបាល គឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់នគរបាល បានធ្វើជាបន្តបន្ទាប់ ដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអង្គភាពប្រើប្រាស់កម្លាំង ជាពិសេសនោះអង្គភាពបានបណ្តុះបណ្តាល។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ថា “បើខ្លួនធ្វើប៉ូលីស ខ្លួនបែរជាញៀនគ្រឿងញៀន គឺបង្កនូវហានិភ័យធំណាស់រួចហើយ បង្កើតនូវបញ្ហាផ្សេងទៀត។ យើងដឹងហើយតួនាទីនគរបាល គឺដើម្បីថែមរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងគ្រឿងញៀន”។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ចំពោះការផ្ទេរមន្ត្រីនគរបាលប៉ុស្តិ៍ ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឱ្យផ្ទេរនោះទេ។ ប៉ុន្តែក្នុងករណីចាំបាច់មានការអនុញ្ញាតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដូចជាការផ្ទេរនៅថ្នាក់ស្រុក ឬខេត្ត ដែលនគរបាល ឬប៉ូលីសនោះធ្វើការមានស្នាដៃល្អ។

សម្តេចក្រឡាហោម បន្ថែមថា ការដាក់ចេញវិធានការនេះ គឺជាវិធានការចុងក្រោយ ដែលក្រសួងបាននឹងកំពុងធ្វើទាក់ទងនិងការជ្រើសរើសនឹងបំពេញកម្លាំងនគរបាលនៅតាមប៉ុស្តិ៍ឱ្យមានកម្លាំងគ្រប់គ្រាន់បានសិក្សារៀនសូត្រមានសត្ថភាពនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងឃុំសង្កាត់ខ្លួនទទួលបានជោគជ័យ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print