ភ្នំពេញ ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៦កន្លងមក ខ្ញុំបានធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាមពិសេសគឺទៅកាន់តំបន់ភាគនិរតីដែលជាកន្លែងមានប្រជាជនខ្មែរជាច្រើនរស់នៅទីនោះ។ នៅក្នុងឱកាសសប្បាយរីករាយអំណរចូលឆ្នាំខ្មែរ ចៃដន្យខ្ញុំបានជួបមិត្តភក្តិចាស់ធ្លាប់រៀនជាមួយគ្នា ដោយពេលនេះគាត់ក៏បម្រើការងារឲ្យភ្នាក់ងារកាសែតវៀតណាមផងដែរ ។ យើងបានអង្គុយផឹកកាហ្វេក្រោមដើមឈើជជែកគ្នាលេងរំលឹកអនុស្សាវរីយ៍នៅពេលនោះគាត់បានឱ្យខ្ញុំដឹងថាខ្មែរនៅវៀតណាមមានប្រហែល១,៣លាននាក់ ស្មើនឹង៨ភាគរយក្នុងចំណោមពលរដ្ឋដែលរស់នៅក្នុងខេត្ត នីមួយៗនៅភាគខាងត្បូងវៀតណាម ។
ដោយសារបម្រែបម្រួលអាកាសធាតុបង្កឲ្យមានភាពរាំងស្ងួតនៅតំបន់ជាច្រើនធ្វើឲ្យការប្រកបរបរកសិកម្ម ដាំដំណាំ ស្រែចម្ការ របស់ពលរដ្ឋខ្មែរ និងពលរដ្ឋជាបងប្អូន ប្រឈមនឹងការលំបាកជាច្រើន។ ប៉ុន្តែដោយសារស្រូវអង្ករមានតម្លៃខ្ពស់អាចប៉ះប៉ូវពីការខាតបង់វិញបាន ទើបមានបរិយាកាសអំណរចូលឆ្នាំថ្មីឆ្នាំ២០១៦ មានភាពអធិកអធម សប្បាយរីករាយបែបនេះ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្នាក់ ដឹកនាំតាមបណ្តាខេត្ត-ស្រុកដែលមានពល រដ្ឋខ្មែររស់នៅបានចាត់តាំងប្រតិភូទៅសួរសុខទុក្ខ ជូនពរនិងជូនអំណោយដល់ពល រដ្ឋក្រីក្រដើម្បីទទួលឆ្នាំថ្មីដោយក្តីសប្បាយរីករាយដូចគ្រួសារអ្នកមានដទៃទៀតក្នុងសហគមន៍ខ្មែរទាំងមូល ។ នៅក្នុងជំនួប ឥស្សរជនដែលជាមន្ត្រីបុគ្គលិកនិងប្រជាពល រដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅទីក្រុងកឹងថឺប្រធានគណៈកម្មាធិការកណ្តាលនៃ រណសិរ្សមាតុភូមិវៀតណាមលោក Nguyen ThienNhanបានស្នើដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីកិច្ចការជនជាតិដើមភាគតិចនិងសាសនាត្រូវតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ របស់ពលរដ្ឋខ្មែរ។ ផ្តល់ឱកាសដល់ពលរដ្ឋខ្មែរក្រីក្របានទទួលឆ្នាំថ្មីដោយសប្បាយរីករាយតាមរយៈការសួរសុខទុក្ខផ្តល់អំណាយ ផ្តល់ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងតំបន់ទើបពលរដ្ឋមានភាពកក់ក្តៅ ។
លោក Nguyen ThienNhan រួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀតបានចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់វត្តខ្មែរមួយចំនួននៅ ទីក្រុងកឹងថឺនិងគ្រួសារខ្មែរមួយចំនួនដើម្បីជូនពរឆ្នាំថ្មីជូនអំណោយជាក្តីបង្ហាញពីការយកចិត្តទុកដាក់មើលថែដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពិសេសគឺពលរដ្ឋខ្មែរតែ ម្តង។ តាមប្រសាសន៍របស់លោកស៊ឺមិញ ថាំង អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈកម្មាធិការសម្រាប់ជនជាតិភាគតិចបានឲ្យដឹងថា នៅឆ្នាំ២០១៥កន្លងមកមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានខិតខំអនុវត្តយ៉ាងសកម្មនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋធ្វើឲ្យតំបន់ជនបទប្រែមុខមាត់មានភាពរីកចម្រើនយ៉ាងខ្លាំង ។នៅតាមភូមិ-ឃុំបានបន្តអនុវត្តគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍការផលិតសម្រាប់ភូមិ-ឃុំ-ស្រុកដែលធ្លាប់ជួបការលំបាកក្នុងការផលិតនាពេលកន្លង មក។នៅក្នុងកម្មវិធី១៣៥របស់រដ្ឋក្នុងការអភិវឌ្ឍជនបទថ្មីជីវភាពរបស់ពលរដ្ឋមានភាពរីកចម្រើនយ៉ាងខ្លាំង តាមរយៈការបណ្តុះ បណ្តាលវិជ្ជាជីវៈបង្កើតការងារធ្វើជាដើម ។
តម្លៃប្រពៃណីវប្បធម៌របស់ពលរដ្ឋខ្មែរត្រូវបានអភិរក្សនិងលើកកម្ពស់ផ្តល់ភាពងាយស្រួលសម្រាប់ធ្វើពិធីបុណ្យប្រពៃណីផ្សេងៗមានបុណ្យចូលឆ្នាំជាដើម។ ការ អភិវឌ្ឍវិស័យអប់រំនិងការបណ្តុះបណ្តាលតែងតែត្រូវបានយកចិត្តទុកដាក់ទាំងការរៀននិងការបង្រៀនដល់កូនចៅខ្មែរឲ្យចេះអានចេះសរសេរភាសាខ្មែរបានយ៉ាងល្អ ។ មិនត្រឹមតែប៉ុណ្ណោះលោកគ្រូអ្នកគ្រូនិង មន្ត្រីខ្មែរតែងតែត្រូវបានយកចិត្តទុកដាក់ផ្តល់ការលើកទឹកចិត្តផ្តល់ប្រាក់ខែច្រើនជាងមន្ត្រីវៀតណាមដទៃទៀតដែលចេះតែមួយភាសា នោះ។ ការបង្រៀនភាសាខ្មែរថ្នាក់បឋមថ្នាក់មធ្យមនិងបាលីធម្មវិន័យដល់ព្រះសង្ឃតាមបណ្តាវត្តបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ។ មន្ទីរសុខាភិបាលមណ្ឌលសុខភាពហេដ្ឋា រចនាសម្ព័ន្ធត្រូវបានវិវឌ្ឍដើម្បីបំពេញតាមតម្រូវការរបស់ពលរដ្ឋអាចព្យាបាលទាន់ពេលវេលាជូនប្រជាជន ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពលរដ្ឋខ្មែរបានចូលជាសមាជិកភាពបក្សកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនួនមន្ត្រី ជាជនជាតិខ្មែរកាន់តែកើនឡើងជាលំដាប់នៅក្នុងខេត្តមានមន្ត្រីជាជនជាតិខ្មែររហូតដល់ទៅ១៧.០០០នាក់និងមានពលរដ្ឋខ្មែរជាសមាជិកបក្ស១៩.២៣៥នាក់ ។
នៅក្នុងមហាសន្និបាតបក្សកុម្មុយនីស្តជាតិវៀតណាមលើកទី១២កន្លងមកចំនួនមន្ត្រីដែលជាពលរដ្ឋខ្មែរបានកើនឡើងនៅក្នុងជួរគណៈកម្មាធិការក្នុងនោះមានយុវជននិងស្ត្រី។ក្នុងចំណោមខេត្តក្រុងចំនួន៩នៅភាគខាងត្បូងដែលមានពលរដ្ឋខ្មែរគឺមានពលរដ្ឋរហូតដល់ទៅ១.១២៨នាក់ត្រូវបានជ្រើសរើសជាគណៈកម្មាធិការគណបក្សនៅគ្រប់កម្រិតទាំងអស់តាមតំបន់ ។
អាស្រ័យទៅលើការអនុវត្តយ៉ាងសកម្មនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមទើបជីវិតរបស់ជនជាតិខ្មែរនៅក្នុងតំបន់រីកចម្រើនជាលំដាប់។គ្រួសារខ្មែរនីមួយៗ មានវិទ្យុទូរទស្សន៍អាចទស្សនាបានគ្រប់ពេលវេលា និងមានកម្មវិធីខ្មែរជាច្រើនផ្សាយតាម កញ្ចក់ទូរទស្សន៍ខេត្តទៀតផង។ គ្រួសារខ្មែរមានអគ្គិសនីប្រើប្រាស់ជាង៩២ភាគរយ និងមានទឹកស្អាត(ទឹករដ្ឋ)ប្រើប្រាស់ ប្រហែល៨០ភាគរយ តំបន់ខ្លះជាង៩០ ភាគរយ ។ អត្រាភាពក្រីក្របានថយចុះពី៣ទៅ៤ភាគរយក្នុងមួយឆ្នាំហើយមានកន្លែងខ្លះថយចុះរហូតដល់៥ភាគរយក្នុងមួយឆ្នាំ។
ដើម្បីបន្តការគាំទ្រផ្តល់ទំនុកចិត្ត ស្មារតី និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរឲ្យកាន់តែប្រសើរថែមទៀតនៅដើមឆ្នាំ២០១៦រដ្ឋាភិបាលវៀតណាមបានចេញគោលនយោបាយជាច្រើនក្នុងការជួយដល់ពលរដ្ឋ ខ្មែរ។ គណៈកម្មការទទួលបន្ទុកជនជាតិបានសរុបរបាយការណ៍កន្លងមកនិងបានដាក់ស្នើដល់រដ្ឋាភិបាលនូវគម្រោងគោលនយោបាយជនជាតិក្នុងដំណាក់កាលឆ្នាំ ២០១៦ -២០២០ដោយមានគោល នយោបាយកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍនសង្គម ដោះស្រាយបញ្ហាដែលនៅសេសសល់រក្សានិងអភិរក្សសម្បត្តិវប្បធម៌ជនជាតិនិងបង្កើនសាមគ្គីភាពជនជាតិដែលរស់នៅក្នុងប្រទេសវៀតណាមទំាងមូល ៕
ដោយ៖ ជ័យសម្បត្តិ