ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២នេះក្នុងឱកាសប្រារព្ធខួបបួនឆ្នាំនៃការកសាងវិមានឈ្នះ=ឈ្នះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យគុណតម្លៃទៅលើនយោបាយឈ្នះ=ឈ្នះ ដែលនាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិ និងប្រជាជន ហើយត្រូវរួមគ្នាប្ដូរផ្ដាច់ថែរក្សាឱ្យបានជាដាច់ខាត។
ក្នុងពិធីអបអរសាទរខួប២៤ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ=ឈ្នះ និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះ=ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចពិជ័យសេនាបានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំងអស់គួរសិក្សាស្វែងយល់ឱ្យបានជ្រួតជ្រាបពីនយោបាយឈ្នះ=ឈ្នះ ជាពិសេសយុវជនជំនាន់ក្រោយៗ ព្រោះថាយើងបានចងក្រងជាសៀវភៅ រួមទាំងមានសិលាចារឹកនៅវិមានឈ្នះ=ឈ្នះ ដើម្បីបានសិក្សារៀនសូត្រ។
សម្ដេច ទៀ បាញ់ បានស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមរៀបចំទុកដាក់វិមានឈ្នះ=ឈ្នះ ឱ្យក្លាយជាបេតិកភណ្ឌជាតិនិងអន្តរជាតិតាមលក្ខណៈវិនិច្ឆ័យ និងស្នើដល់ក្រសួងអប់រំ យុវជននិងកីឡារៀបចំខ្លឹមសារបញ្ចូលក្នុងកម្មវិធីសិក្សា និងបង្រៀនដល់យុវជនឱ្យបានដឹងពីតំបន់ប្រវត្តិសាស្ត្រយោធាឱ្យបានទូលំទូលាយបន្ថែមទៀត ហើយរួមគ្នាឱ្យគុណតម្លៃទៅលើនយោបាយឈ្នះ=ឈ្នះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយនេះប្រមុខការពារជាតិកម្ពុជាបានប្ដេជ្ញាការពារសុខសន្តិភាពមិនឱ្យប្រតិកិរិយាណាមួយបំផ្លាញជាដាច់ខាត ហើយអំពាវនាវឱ្យរួមគ្នាថែរក្សាដើម្បីគុណប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍជារៀងរហូតទៅ។
សម្ដេច ទៀ បាញ់ បានគូសបញ្ជាក់ថា តាមបណ្ដាខេត្តមួយចំនួនមានបំណងសាងសង់នូវស្ដូបអនុស្សាវរីយ៍ឈ្នះ=ឈ្នះ ដើម្បីរក្សាទុកនូវស្នាដៃរបស់កងទ័ព និងសមិទ្ធផលផ្សេងៗតាមខេត្តទាំងនោះផងដែរ ដូចនេះត្រូវធ្វើតាមគំរូស្ដូបមានស្រាប់នៅខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា នយោបាយឈ្នះ=ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាចាប់ពីចុងឆ្នាំ១៩៩៨ ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ហើយបានអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕ ដោយ៖ សូរិយា