ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអោយដឹងថា ផ្លែមៀនស្រស់របស់កម្ពុជាទម្ងន់ជាង ២ ៦០០តោន បាននាំចេញ និងទៅដល់ប្រទេសចិនហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ហើយទទួលបានការគាំទ្រពីប្រជាជនចិនជាច្រើនផងដែរ។
នៅក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត កាលពីពេលថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា លើវិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ,ការចិញ្ចឹមសត្វ, នេសាទ,កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។
ក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូតបានរម្លឹកជូនថា កាលពីខែតុលាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិន បានប្រារព្ធធ្វើពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញកសិផលរបស់កម្ពុជា ទៅ កាន់ប្រទេសចិន ហើយនៅថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ផ្លែមៀនបានចូលទៅនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិន។
ការសម្រេចបានលទ្ធផលនៃការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិននេះ កើតឡើង បន្ទាប់ពីរាជ រដ្ឋាភិបាលកម្ពុជា បានបើកការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ ទើបរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន បានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងក្រុមហ៊ុនវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។
លោកឯកអគ្គរដ្ឋទូតលើកឡើងថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។
គួរបញ្ជាក់ដែរថា ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេទទី៣ ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំ២០២២នេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន៕ ដោយ៖ សូរិយា