គិតត្រឹមថ្ងៃទី១២ខែធ្នូនេះផ្លែមៀនស្រស់កម្ពុជាជាង ២ ៦០០តោន ត្រូវបានដាក់លក់នៅទីផ្សារប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអោយដឹងថា ផ្លែមៀនស្រស់របស់កម្ពុជាទម្ងន់ជាង ២​ ៦០០តោន បាននាំចេញ និងទៅដល់ប្រទេសចិនហើយ ​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ហើយទទួលបានការគាំទ្រ​ពី​ប្រជាជនចិនជាច្រើនផងដែរ។

នៅក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត កាលពីពេលថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លោកវ៉ាង វិនធៀន​ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា​ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា លើវិស័យសំខាន់ៗ​នៃកសិកម្មកម្ពុជា​ ដូចជាដំណាំ,ការចិ​ញ្ចឹមសត្វ, នេសាទ,កៅស៊ូជាដើម​ ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា។

ក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូតបានរម្លឹកជូនថា ​កាលពីខែតុលាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិន បាន​ប្រារព្ធ​ធ្វើពិធី​សម្ពោធ​ការនាំចេញផ្លែមៀនស្រស់កម្ពុជា​ទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារ​សម្រាប់ការនាំចេញកសិផលរបស់កម្ពុជា ទៅ កាន់ប្រទេសចិន ហើយនៅថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ផ្លែមៀនបានចូលទៅនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិន។

ការសម្រេចបានលទ្ធផលនៃការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិននេះ កើតឡើង បន្ទាប់ពីរាជ រដ្ឋាភិបាលកម្ពុជា បានបើកការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យ​បើកទីផ្សារ​អស់រយៈពេលជាង៣ឆ្នាំ ​ទើបរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន បានអនុម័តចុះបញ្ជីជាផ្លូវ​ការ​នូវ​ចម្ការមៀនចំនួន៧៤ និងក្រុមហ៊ុនវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជា​ទៅកាន់ប្រទេសចិន។

លោកឯកអគ្គរដ្ឋទូតលើកឡើងថា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាង​រដ្ឋាភិបាល​ចិន និងរាជរដ្ឋាភិបាលកម្ពុជា ​បានពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ​ធុរកិច្ច និងវិនិយោគ។

...

គួរបញ្ជាក់ដែរថា ផ្លែមៀនស្រស់របស់កម្ពុជា ​គឺជាកសិផលប្រភេទទី៣ ដែលត្រូវបាន​អនុម័តនាំចេញទៅប្រទេសចិន ​បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំ២០២២នេះ ហើយក៏ជាផ្លែឈើ​ប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print