ខ្សែប្រយុទ្ធ Erling Haaland បានក្លាយជាកីឡាករលឿនបំផុតដែលអាចរកបាន២០គ្រាប់នៅ Premier League បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣–១ របស់ Man City លើក្រុម Leeds កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូនេះ។
កីឡាករសញ្ជាតិន័រវេសរូបនេះពិតជាមានទេពកោសល្យក្នុងទម្រង់លេងដ៏ល្អនៅឯកីឡដ្ឋាន Elland Road ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោមឱកាសទាំង៥លើករបស់គាត់។ ទោះយ៉ាងណាក៏ដោយ គាត់ទទួលបានគ្រាប់បាល់ដែលត្រូវការដើម្បីឈានដល់២០គ្រាប់នៅក្នុងអ្វីដែលគ្រាន់តែជាការបង្ហាញខ្លួននៅ Premier League ជាលើកទី១៤របស់គាត់។
ខ្សែប្រយុទ្ធ Haaland បានវ៉ាដាច់ Kevin Phillips ដែលត្រូវការ២១ប្រកួតរកបាន១៤គ្រាប់ក្នុងរដូវកាល១៩៩៩–២០០០ សម្រាប់Sunderland។ ចំណែក Harry Kane ត្រូវការការប្រកួតចំនួន៤០ដើម្បីរកគ្រាប់បាល់ទី២០នៅ Premier League របស់គាត់។
បន្ទាប់ពីការប្រកួត លោក Pep Guardiola គ្រូបង្វឹករបស់ Man City បានគោរពដល់ Haaland ទោះបីជាគាត់បានសារភាពថាគាត់គួរតែស៊ុតបញ្ចូលទីបន្ថែមទៀតនៅ Elland Road ក៏ដោយ។
លោក Guardiola បាននិយាយបន្ទាប់ពីការប្រកួតថា “យើងរីករាយជាមួយនឹងភាពរាបទាបរបស់គាត់។ គាត់ស៊ុតបានច្រើនគ្រាប់ប៉ុន្តែគាត់អាចរកបានច្រើនជាងនេះ គាត់ជួយយើងច្រើន។ គាត់គឺជាបុរសពិសេសម្នាក់ដែលមានក្រមសីលធម៌ការងារ និងវិជ្ជាជីវៈរបស់គាត់។ វាជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះគូប្រជែងរបស់យើង ដោយមានគាត់នៅទីនោះ“។
ខាងក្រោមនេះគឺជាកីឡាករដែលស៊ុតបញ្ចូលបានទី២០គ្រាប់នៅ Premier League ដែលរកបានលឿនបំផុត៖
១-Erling Haaland រកបាន២០គ្រាប់ ក្នុង១៤ប្រកួត
២-Kevin Phillips រកបាន២០គ្រាប់ ក្នុង២១ប្រកួត
៣-Andrew Cole រកបាន២០គ្រាប់ ក្នុង២៣ប្រកួត
៤-Ruud van Nistelrooy រកបាន២០គ្រាប់ ក្នុង២៦ប្រកួត
៥-Diego Costa រកបាន២០គ្រាប់ ក្នុង២៦ប្រកួត
៦-Tony Yeboah រកបាន២០គ្រាប់ ក្នុង២៦ប្រកួត
៧-Fernando Torres រកបាន២០គ្រាប់ ក្នុង២៧ប្រកួត
៨-Alan Shearer រកបាន២០គ្រាប់ ក្នុង២៩ប្រកួត
៩-Sergio Aguero រកបាន២០គ្រាប់ ក្នុង៣០ប្រកួត ៕ (រូបភាព ៖ 90min.com)