ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខា ធិការប្រចាំការតំណាង លោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស, អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងមានការចូលរួមពីមន្ដ្រីអាកាសដ្ឋាអន្ដរជាតិភ្នំពេញ, មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរអញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ។
លោកស្រីរដ្ឋលេខាធិការថ្លែងថា ក្រុមការងារក្រសួង សុខាភិបាល និងអាជ្ញាធរផ្នែកពាក់ព័ន្ធទាំងអស់ចុះមកពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែដែលជាទីតាំងទទួលអ្នកដំណើច្រើន និងដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកម្តៅចំនួន៣គ្រឿងទៀត នៅច្រកចេញចូល VIP ចំនួន១គ្រឿង និងធម្មតាចំនួន២គ្រឿង ដើម្បីធ្វើការតាមដានសុខភាពអ្នកដំណើរដែលចូលមក កាន់កម្ពុជា ជាពិសេសដើម្បីឲ្យប្រាកដប្រជាថា គ្រប់អ្នក ដំណើរដែលអញ្ជើញចូលមកកាន់កម្ពុជា មានកម្តៅធម្មតា ក្នុងករណីរកឃើញថា មានកើនកម្តៅរហូតដល់ ៣៧.៥អង្សា ក្រុមគ្រូពេទ្យនឹងអញ្ជើញអ្នកដំណើរទៅពិនិត្យសុខភាព ដើម្បីរក្សាសុខភាពជូនគាត់។
ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងនៅតាមច្រកព្រំដែនអន្តរជាតិផងដែរ ដើម្បីប្រាកដប្រជាថា អ្នកធ្វើដំណើរទស្សនកិច្ចមកកម្ពុជា មកលេងបងប្អូននៅក្នុងឱកាសឆ្លងឆ្នាំសកល ពួកគាត់មានសុខភាពល្អ។
លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការ យក់ សម្បត្តិ ក្នុង នាមក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ មាន ការប្រយ័ត្នប្រយែង និងអនុវត្តវិធានការ៣កុំ ៣ការពារ ជាពិសេសប្រជាពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សាំងនៅគ្រប់ទីកន្លែងដូចជានៅមណ្ឌលសុខភាពមន្ទីពេទ្យបង្អែក ដែលនៅជិតផ្ទះ ជាពិសេសបើប្រជាពលរដ្ឋអញ្ជើញទៅកម្សាន្តនៅទីតាំងរមណីយដ្ឋានផ្សេងៗ ត្រូវតែប្រយ័ត្នប្រយែង បើទោះបីថាកម្ពុជា មានការថមថយនូវអត្រាឆ្លងកូវីដ-19 ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ន៕ ដោយ៖ សូរិយា