ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២២នេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អកចាប់ផ្ដើមត្រូវបណ្ដើរៗហើយ ដែលនៅល្ងាចថ្ងៃទី២៩នេះ ត្រី១គីឡូថ្លៃពី ១ពាន់រៀលទៅ៥ពាន់រៀល តាមធំតាមតូច ដែលមានលក់នៅកំពង់ផែថ្មី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ពលរដ្ឋដែលមកពីទីជនបទនៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនិងមកពីស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកំពុងវះពោះត្រីធ្វើផ្អកប្រហុកនៅកំពង់ផែថ្មីក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នាល្ងាចថ្ងៃទី២៩ ខែធ្នូនេះបានឲ្យដឹងថា ត្រីសម្រាប់ធ្វើប្រហុក១គីឡូក្រាមថ្លៃចាប់ ពី១ពាន់ ទៅ៣ពាន់រៀល។ ចំណែកត្រីសម្រាប់ធ្វើផ្អកមានតម្លៃពី៣ពាន់ ទៅ ៥ពាន់រៀល (គឺត្រីច្រកែង) តាមតូចតាមធំ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បើប្រៀបធៀបនិងឆ្នាំ មុនត្រីសម្រាប់ធ្វើប្រហុកមានតម្លៃពី ២ពាន់ទៅ ៤ពាន់រៀលក្នុង១គីឡូក្រាម។ ឯត្រីសម្រាប់ធ្វើផ្អកមានតម្លៃពី ៦ទៅ ៩ពាន់រៀលក្នុង១គីឡូក្រាមថ្លៃជាងឆ្នាំមុន។
ដោយឡែកលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ធ្នូ នេះបានឲ្យដឹងតាមទូរស័ព្ទថា នៅក្នុងខ្នើតខែបុស្សនេះចាប់ពីថ្ងៃ៤ កើតមក គឺ២ថ្ងៃមុនត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ត្រូវបណ្ដើរៗហើយ និងបើប្រៀបធៀបនិងរយៈពេលដូចគ្នា គឺត្រីឆ្នាំនេះសំបូរជាង និងមានតម្លៃថោកជាងឆ្នាំ មុន ហើយខ្នើតខែក្រោយអាចនឹងសម្បូរត្រីប្រហុកច្រើនប៉ុន្តែគិតមកដល់ថ្ងៃនេះខាងមន្ត្រីជលផលខេត្ត មិនទាន់ប្រមូលបានទិន្នន័យនៃផលនេសាទក្នុងខេត្តនៅឡើយទេ។
លោកប្រធានមន្ទីរកសិកម្មខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុកផ្អកសូមអញ្ជើញមកធ្វើប្រហុកផ្អកនៅទីតាំ ងចំនួន៤ កន្លែងក្នុងខេត្តកំពង់ឆ្នាំងគឺ១ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច, ២ ចំណុចព្រែកកាត់ ក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ចំណុចកំពង់ផែថ្មីក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង, និង ៤ ភូមិឆ្នុកទ្រូ ឃុំឆ្នុ កទ្រូ ស្រុកបរិបូណ៌៕ ដោយ៖ សូរិយា