ប៉ោយប៉ែត៖ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចំានៅកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២នេះ បានផ្ញើសាររំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានជួបនូវឧបទ្ទវហេតុភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះ។
តាមរយៈសាររំលែកទុក្ខ ដែលបានបង្ហោះលើផេកហ្វេសបុកស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានលើឡើងថា «សាររំលែកទុក្ខពីលោក តានិណៃ អ៊ិឈិតុម៉ុភារធារី នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា» ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មាន ស្តីពីឧបទ្ទវហេតុអគ្គិភ័យនៅកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត។
ក្នុងនាមស្ថានទូតជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ។ ខ្ញុំសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព និងសូមឲ្យជនដែលរងរបួស សូមឆាប់ជាសះស្បើយ។
គួរបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជា មួយនឹងគ្រួសារនិងជនរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះ អគ្គិភ័យនៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលបណ្តាល ឱ្យមនុស្សស្លាប់ជាង១០នាក់ និងរបួសជាច្រើននាក់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែរស្ថិតក្នុងភូមិសាស្ត្រខេត្ត កំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំយកឱកាសនេះថ្លែងនូវការចូលរួមមរណទុក្ខ ជាមួយ នឹងឧបទ្ទវហេតុភ្លើងឆេះកាស៉ីណូ នៅប៉ោយប៉ែត ដែលមានមនុស្សស្លាប់ជាង១០នាក់ និងរបួសរាប់សិបនាក់»។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា កម្លាំងជំនាញរបស់កម្ពុជា គឺត្រូវបំពាក់សម្ភារៈ បរិក្ខាសម្រាប់ពន្លត់អគ្គិភ័យនេះបន្ថែមទៀត ដើម្បីឆ្លើយតបទាត់សភាព ការណ៍គ្រោះថ្នាក់ដែលបានកើតឡើងជាយថាហេតុ។ សម្រាប់កាស៊ីណូ ដែលរងការឆាបឆេះនោះ មានមនុស្សជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ករណីគ្រោះអគ្គិភ័យបណ្តាលឱ្យឆាប់ឆេះកាស៊ីណូហ្គ្រេនដាយមិន និងបង្កឱ្យមនុស្សស្លាប់ជាង១០នាក់ និងរបួសជាច្រើននេះ គឺជាសោកនាដកម្មមួយនៅចុងឆ្នាំ២០២២ សម្រាប់កម្ពុជា។ សម្តេចតេជោ ថា «ការឃើញបែបនេះយើងក៏នឹងបន្ត ដើម្បីរៀបចំបំពាក់ ដូចជាអគារខ្ពស់ៗត្រូវតែមានឡានបាញ់ទឹកពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗនេះឯង»។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណអាជ្ញាធរថៃ ដែលបានចូលរួមប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យនៅកាស៊ីណូហ្គ្រេនដាយមិន ជាដើម។
សូមបញ្ជាក់ថា អគ្គិភ័យនៅកាស៉ីណូ Grand CITY Diamond បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូល ហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។
អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
ចាប់ពីម៉ោង៧ព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ដើម្បីចាប់ផ្តើមបន្តកិច្ច ប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត។ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕ ដោយ៖ សូរិយា