ភ្នំពេញ៖ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៣ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង១,០០០នាក់ ដោយប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង។
បេីតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះថា សម្រាប់កងកម្លាំងទាំងនេះ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញ របស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ កម្លាំងនគរបាលទាំងអស់នេះ ក៏បានដាក់ពង្រាយនៅតាមទីតាំងកម្សាន្តនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ផងដែរ។
លោកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងបន្តថា សម្រាប់រក្សាឱ្យបានសណ្តាប់ និងការបន្ថយការកក់ស្ទះចរាចរណ៍ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងមន្ត្រីនគរបាលចរាចរណ៍យ៉ាងច្រើន នៅតាមគោលដៅ និងតាមដងផ្លូវនានាជាដើម។ លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមកម្លាំងអគ្គីភ័យ និងរថយន្តពន្លត់អគ្គិភ័យ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីប្រតិបត្តិការភ្លាមៗ ប្រសិនបើមានករណីអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ។
លោកអ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងកងអន្តរាគមន៍ជាប្រចាំក្នុងករណីមានបាតុភាពផ្សេងៗជាយថាហេតុ។
បន្ថែមពីនេះលោកវរសេនីយ៍ឯក សាន សុខសីហា បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់មុនចេញពីលំនៅដ្ឋានដូចជាបិទទ្វារបង្អួច ចាក់សោរទ្វារ និងពន្លត់ភ្លើងទៀន ធូប ឬក៏បិទភ្លើងអគ្គីសនី ជាដើមដើម្បីជៀសវាងបង្កបញ្ហាណាមួយផងដែរ៕ ដោយ៖សហការី