មន្ទីរបញ្ចកោណអាមេរិក នឹងបញ្ជូនទាហានអ៊ុយក្រែនមកកាន់អាមេរិកហ្វឹកហាត់ ប្រើអាវុធទំនើប

ចែករំលែក៖

មន្ទីរបញ្ចកោណអាមេរិក បានឡើងគម្រោងបញ្ជូនទាហានអ៊ុយក្រែន ទៅកាន់អាមេរិកដើម្បីហ្វឹកហាត់ ប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារទំនើប Patriot។

មន្ទីរបញ្ចកោណ នៅថ្ងៃទី១០ ខែមករា បាននិយាយថា សហរដ្ឋអាមេរិកនឹងបណ្ដុះបណ្ដាល ទាហានអ៊ុយក្រែននៅមូលដ្ឋានទ័ពមួយកន្លែង ស្ថិតនៅក្នុងរដ្ឋ Oklahoma ពីរបៀបប្រើប្រាស់ និងការថែទាំប្រព័ន្ធខែល ប្រឆាំងមីស៊ីល Patriot ដែលទីក្រុងវ៉ាស៊ីនតោន ប្រកាសបញ្ជូនឱ្យទីក្រុងកៀវ ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។
ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់ប្រព័ន្ធខែល ប្រឆាំងមីស៊ីល Patriot មួយគ្រឿងដល់អ៊ុយក្រែន កាលពីចុងឆ្នាំ២០២២កន្លងទៅ ដើម្បីជួយទីក្រុងកៀវទប់ទល់នឹងការវាយប្រហារ បំផ្លិចបំផ្លាញតាមផ្លូវអាកាស ពីសំណាក់កងទ័ពរុស្ស៉ី ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានគូសបញ្ជាក់ដូច្នេះថា «ការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ពីរបៀបប្រើប្រព័ន្ធមីស៊ីល(Patriot) នឹងត្រូវចាប់ផ្ដើមក្នុងពេលឆាប់ៗ ខាងមុខនេះ ឬ អាចនៅសប្ដាហ៍ក្រោយ នៅមូលដ្ឋាន Fort Sill នៃរដ្ឋ Oklahoma។ លោក រ៉ៃដឺ បន្តទៀតថា ទាហានអ៊ុយក្រែនប្រហែលពី ៩០ដល់ ១០០នាក់ នឹងត្រូវចូលរួមក្នុងការបណ្ដុះបណ្ដាលនេះ ដែលអាចនឹងត្រូវចំណាយពេលជាច្រើនខែ។
ផលិតដោយក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot គឺជាប្រព័ន្ធមីស៊ីល បាញ់ចេញពីផ្ទៃដីទៅអាកាស និងត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់បំផ្លាញមីស៊ីល បាលិស្ទីគ និងយន្ដហោះចម្បាំង។ ប្រព័ន្ធមីស៊ីលនេះត្រូវបានប្រើប្រាស់ជាលើកដំបូង នៅក្នុងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់ របស់សហរដ្ឋអាមេរិកនៅអំឡុង ទសវត្សរ៍ឆ្នាំ១៩៨០ ហើយបើតាម ក្រុមហ៊ុន Raytheon ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot បានស្ទាក់ចាប់បំផ្លាញមីស៊ីលបាលិស្ទីគច្រើនជាង ១៥០គ្រាប់ នៅក្នុងសមរភូមិចាប់តាំងពីឆ្នាំ២០១៥៕ ដោយធីរីណា

...

រូប​ថត​ :​ tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print