គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមឃុំសង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ÷គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ ២០២៣ មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេសការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង។

លោក ហ៊ីង ធីឫទ្ធិ បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ បានបញ្ចប់ជាស្ថាពរ ដោយជោគជ័យ ទោះបីជាមានបញ្ហាគ្រោះធម្មជាតិមួយចំនួន និងស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោយ។

លោក ហ៊ីង ធីឫទ្ធិ បញ្ជាក់ថា បន្ទាប់ពីបានពិនិត្យផ្ទៀង ផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ការងារដែល គ.ជ.បត្រៀមអនុវត្តបន្ត គឺ គ.ជ.បត្រូវបោះ ពុម្ពបញ្ជីបោះឆ្នោតដំបូងរួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ-សង្កាត់

នីមួយៗដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់បិទ ផ្សាយ។ គ.ជ.ប ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ គឺ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ (App) NEC KH។

ដោយឡែកបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ ត្រូវមានទិន្នន័យសំខាន់ៗ ដូចខាង ក្រោម៖

* ឈ្មោះ និងលេខកូដរាជធានី ខេត្ត 

* ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ 

* ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត

* កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត

* អត្តលេខអ្នកបោះឆ្នោត

* រូបថតរបស់អ្នកបោះឆ្នោត 

* នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ

* ភេទ

* ថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោត 

* លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។

លោក ហ៊ីង ធីឫទ្ធិ បន្តថា កាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះ ឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ នឹងត្រូវធ្វើនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលការបិទផ្សាយនេះត្រូវធ្វើព្រមគ្នានៅតាមឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។

លោក ហ៊ីង ធីឫទ្ធិ បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះមានស្រីចំនួន ៥.១៦១.៩០៦នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣.៧៨៩ការិយាល័យ។ ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួនសរុប ២៧១.១៤២នាក់។

ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក បោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត លោក ហ៊ីង ធីឫទ្ធិ បានបន្តថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់បែបបទ ១២០២ទៅក្រុមប្រឹក្សាឃុំ សង្កាត់បន្ទាប់នពីថ្ងៃបិទផ្សាយ។

ចំពោះយន្តការ និងសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ មាន ៣ ថ្នាក់ គឺ៖

* ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺថា្នក់ដំបូង ដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយហើយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដោះស្រាយក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

* ថ្នាក់ គ.ជ.ប គឺក្នុងករណីអ្នកប្ដឹងតវ៉ា អ្នកប្ដឹងជំទាស់ ឬអ្នកត្រូវគេប្ដឹងជំទាស់ ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិប្ដឹងទៅ គ.ជ.ប ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលទម្រង់ ១២០៣ ពីក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្ដឹងក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

* ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ គឺក្នុងករណីអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប មានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានទម្រង់ ១២០៣ របស់ គ.ជ.ប។

គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ ព្រមទាំងមានបង្ហោះនៅក្នុងគេហទំព័ររបស់ គ.ជ.ប គឺ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ (App) NEC KH។

...

នេះជាកិច្ចប្រជុំលើកទី៧ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ទីស្ដីការគណៈរដ្ឋមន្ត្រី,អគ្គស្នងការដ្ឋាននគរបាលជាតិ,កងរាជអាវុធហត្ថ ក្រុមប្រឹក្សាសកម្មភាពជនពិការ,តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រម ទាំងអ្នកសារព័ត៌មានប្រមាណជាង ៦០នាក់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print