ខេត្តកំពង់ឆ្នាំង៖ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ កំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ទឹងក្រាំងពន្លៃ ព្រំប្រទល់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានរងការជន់លិចផ្លូវសារជាថ្មីដោយសារជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីអាងស្តុកទឹកអន្លង់ជ្រៃ ស្រុកសាមគ្គីមានជ័យ។ រហូត មកដល់វេលាព្រឹកនេះ ស្ថានភាពទឹកនៅបន្តជន់លិចនៅឡើយ។
តាមការបញ្ជាក់ពីលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ អោយដឹងថា ផលប៉ះពាល់វិញ គឺបានប៉ះទៅលើឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ត្រូវជម្លៀសប្រជាពលរដ្ឋ៦២គ្រួសារ ឃុំពាម ស្រុកសាមគ្គីមានជ័យ ជម្លៀសព្រះសង្ឃវត្តតាំងខ្មៅ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ១៩គ្រួសារ និងវត្តរលាំងមាស ឃុំត្បែងខ្ពស់ និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យក៏ទឹកកំពុងជន់លិចផងដែរ។
នៅឯខេត្តកំពង់ស្ពឺស្ថានភាពទឹកជំនន់ក៏កំពុងបង្កឲ្យព្រួយបារម្ភដែរ។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អាកាសធាតុប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករានេះ ធ្វើឱ្យក្រុងស្រុកចំនួន ៤ខេត្ត បានរងនូវការវាយប្រហារដោយទឹកជំនន់។ ការឱ្យដឹងដូច្នេះគ្រាដែលដឹកនាំក្រុមការងារនៃមន្ទីរពាក់ពន្ធ័ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាក្រុង-ស្រុកទាំងនោះ នារសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៣។
លោក វ៉ី សំណាង ថ្លែងថា ក្រុង-ស្រុកដែលបានរងការ វាយប្រហារនោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ហើយបច្ចុប្បន្នអាជ្ញាធរស្រុកកំពុងចុះពិនិត្យយ៉ាងយកចិត្តដាក់បំផុតជុំវិញករណីនេះហើយ ក៏បានត្រៀមគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះពលរដ្ឋដែលរងគ្រោះជាយថាហេតុ។
លោក វ៉ី សំណាង នៅមិនអាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារស្រុក-ក្រុង ភូមិ-ឃុំកំពុងជាប់ដៃក្នុងជួយបង្ការសង្គ្រោះដល់ពលរដ្ឋចេញពីជំនន់នេះ តែទោះយ៉ាងណាមិនទាន់មានការរាយការណ៍ណាមួយជុំវិញគ្រោះថ្នាក់ផ្សេងៗរបស់មនុស្សសត្វក្នុងជំនន់នេះទេ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើ ទឹកបានហូរធ្លាក់មកផ្នែកខាងក្រោមបណ្តាលឱ្យអាងស្តុកទឹកមួយចំនួនមានការកើនឡើងកម្រិតទឹកគួរឱ្យព្រួយបារម្ភ ទន្ទឹមនិងនេះមន្ទីរជំនាញក៏បានដាក់ពង្រាយមន្ត្រីរបស់ខ្លួននៅតាមគោល ដៅសំខាន់ៗដើម្បីពិនិត្យតាមដានពីការប្រែប្រួលនៃកម្ពស់ទឹកផងដែរ។ ជាមួយនេះអាងស្តុកទឹកអន្លង់ជ្រៃនៃស្រុកថ្ពងទឹកឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មន្ទីរជំនាញរួមជាមួយអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកចេញបញ្ជៀសការបាក់ធ្លាយទំនប់ជាយថាហេតុ៕ ដោយ៖ សូរិយា