ភ្នំពេញ៖ កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបិតផ្លូវ បណ្តោះអាសន្ន មិនអោយរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈ
កម្រិតទឹកស្ទឹងព្រែកត្នោបានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំមានទទួលរងការលិចលង់ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព ប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។
ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០២៣នេះ បានបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលទឹកជំនន់ទឹកភ្លៀងបានហូរចូលលំនៅដ្ឋានបងប្អូន ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ។
លោក ឃួង ស្រេង ណែនាំអោយបន្ថែមកម្លាំងទប់ទឹកនៅតាមស្ទឹងព្រែកត្នោត និងតម្រូវអោយផ្អាកការធ្វេីចរាចរណ៍បណ្តោះអាសន្តរថយន្តធំផ្លូវមុខសាលាសង្កាត់គងនយ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយ មន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ។មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹកដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្រមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹកនិងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានពួកគាត់យ៉ាងឆាប់រហ័ស។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានអោយដឹងថា ស្ថានភាពជំនន់នៅកំពង់ស្ពឺបានស្រកហេីយ ចឹងរាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះឬស្អែក ដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញបានឡេីយ។
លោកឃួង ស្រេង បានណែនាំអោយមន្ត្រីជំនាញ ខិតខំយកចិត្តទុកដាក់ និងតាមដានអោយបានជាប់ជាប្រចាំ ជាពិសេសត្រូវបន្ថែមកំលាំងរួមជាមួយបាវ និងខ្សាច់ សម្រុកទប់អោយបានកុំអោយមានទឹកហូរចេញយប់នេះ ព្រោះថា បេីទប់យប់នេះបាននឹងមិនមានលិចឡេីយដោយហេតុថា ជំនន់ទឹកភ្លៀងនៅកំពង់ស្ពឺបានចាប់ផ្តេីមស្រកហេីយ។
លោក ឃួង ស្រេង ក៏បានណែនាំអោយសមត្ថកិច្ចជំនាញ សហការជាមួយខេត្តកណ្ដាល អោយផ្អាកការធ្វេីចរាចរណ៍ឡានធំនៅផ្លូវលេខឬផ្លូវមុខសាលាសង្កាត់គងនយជាបណ្តោះអាសន្នរថយន្តធំផងដែរ។
សូមបញ្ជាក់ថា៖ បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើអោយផ្ទះប្រជាពលរដ្ឋ ជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មេីនឹង១០សង្កាត់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ដោយសង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន៕ . សំរិត