ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ មាន២៩ភូមិ (ចំនួន ៩៥៣ខ្នងផ្ទះ ១០២៦គ្រួសារ មនុស្ស៤០៣៥នាក់ ផ្លូវបេតុង១៤ខ្សែ វត្ត០២ មណ្ឌលសុខភាព០២ សាលាសង្កាត់០២ និងប៉ុស្តិ៍នគរបាលរដ្ឋបាល០២)
សូមជម្រាបថា ជំនន់ទឹកភ្លៀង នៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោនេះ រួមមាន៖ សង្កាត់សាក់សំពៅ ០៦ភូមិ, សង្កាត់ស្ពានថ្ម ០៥ភូមិ, សង្កាត់ក្រាំងពង្រ ០៣ភូមិ, សង្កាត់គងនយ ០៣ភូមិ, សង្កាត់ទៀន ០៣ភូមិ, សង្កាត់ព្រែកកំពឹស ០៣ភូមិ, សង្កាត់ជើងឯក ០២ភូមិ, សង្កាត់ព្រៃស ០២ភូមិ, សង្កាត់ដង្កោ ០១ភូមិ,សង្កាត់ព្រៃវែង ០១ភូមិ។
សូមរម្លឹកដែរថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយក៏ត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ទប់ទឹកតែម្តង ហើយគិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កំពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ៕ ដោយ៖សហការី