ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តដល់កីឡាករកីឡាការិនីហែលទឹកដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់ រង្វាន់លើកទឹកចិត្តកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ ។
លោក ហែម គិរី អគ្គលេខាធិការសហ ព័ន្ធកីឡាហែលទឹកកម្ពុជាបានឲ្យដឹងថា ជ័យជម្នះរបស់ប្អូនទាំងអស់គ្នាគឺស្ថិតនៅក្នុង កណ្ដាប់ដៃរបស់ប្អូនជានិច្ចសំខាន់ឲ្យតែខំប្រឹងហ្វឹកហាត់ ។ លោកបន្តថា កីឡាការិនី ហែម ថុនវិទិនី បាននឹងកំពុងហ្វឹកហាត់នៅ ប្រទេសថៃត្រូវចេញទៅចូលរួមប្រកួត កីឡាអូឡាំពិកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលនាកញ្ញាខាងមុខនេះ ។
លោកបញ្ជាក់ថា អ្នក ដែលខំហ្វឹកហាត់ នឹងទទួលលទ្ធផលដូចជារៀមច្បងខាង លើ។ ដូច្នេះអ្នកចាញ់ថ្ងៃនេះសូមកុំតូចចិត្ត រីឯអ្នកចាញ់មិនប្រាកដថាចាញ់រហូតនោះទេឲ្យតែខំហ្វឹកហាត់ប្រាកដជាទទួលបានជ័យជម្នះនៅថ្ងៃណាមួយជាក់ជាពុំខាន ។
កម្មវិធីប្រកួតនេះកីឡាករកីឡាការិនី ចូលរួម១០៥នាក់មកពីក្លិបចំនួន៧ហើយជាលទ្ធផលក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន១២គ្រឿងបានច្រើនជាងគេឈរនៅលេខរៀងទី១ ក្លិបព្រឹទ្ធាចារ្យ ហែម ថុន ឈរនៅលំដាប់លេខរៀងទី២ ដណ្តើមបានមាសចំនួន៨គ្រឿងក្លិបខេត្ត កំពង់ចាមដណ្ដើមបានមេដាយមាសចំនួន៤គ្រឿងនិងក្លិបជ្រោយចង្វាដណ្ដើមបានមេដាយមាស៣គ្រឿង ។
ក្នុងឱកាសនេះដែរលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រគល់ថវិកាជូនដល់កីឡាករកីឡាការិនីហែលទឹកខាងលើដោយលោកបានផ្តាំផ្ញើដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំង អស់ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍កីឡានានាទាំងថ្នាក់ជាតិនិងអន្តរជាតិ ពិសេស ឆ្នាំ២០២៣ប្រទេសកម្ពុជាធ្វើម្ចាស់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។
ជាមួយគ្នានោះលោករដ្ឋមន្ត្រីបានឧបត្ថម្ភ ថវិកាដល់កម្មវិធីប្រកួតដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ចំនួន៥០០ដុល្លារ និង ឧបត្ថម្ភដល់ក្រុមកីឡាករកីឡាការិនីជន ពិការចំនួន២០០ដុល្លារផងដែរ ៕
ដោយ៖ សារីម