ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា៖ យោងអនុស្សរណៈនៃការយោគយល់គ្នារវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគម រោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រោងចក្រផលិតផលធ្វើដំណើរនិងកាបូប ដែលមិនមែនជាសមាជិកសមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលត្រូវបានប្តូរឈ្មោះទៅជា “សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ត្រូវបង់វិភាគទានប្រចាំឆ្នាំសម្រាប់គាំទ្រការអនុវត្ត គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វិភាគទានត្រូវគណនាជាប្រចាំឆ្នាំនិងបង់ដោយផ្អែកលើអត្រា ០,៥៥ដុល្លារអាម៉េរិក សម្រាប់កម្មករ និយោជិតម្នាក់ក្នុងមួយឆ្នាំនៃរោងចក្រនីមួយៗ ផ្អែកលើស្ថិតិចំនួនកម្មករនិយោជិតក្នុងខែធ្នូ ឆ្នាំកន្លងទៅ។
ក្នុងន័យនេះ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ដែលមិនមែនជាសមាជិកសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលមានបំណងក្លាយជាសមាជិក គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ត្រូវធ្វើការបង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោង នេះតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវបង់ទៅក្នុងគណនីធនាគារ។
បន្ទាប់ពីធ្វើការបង់វិភាគទានរួចរាល់ សូមផ្ញើជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នូវឯកសារ ដូចខាងក្រោម៖
បញ្ជីឈ្មោះកម្មករនិយោជិតសរុបនៃរោងចក្រនីមួយៗ ផ្អែកលើស្ថិតិក្នុងខែធ្នូ ឆ្នាំកន្លងទៅ បង្កាន់ដៃបង់ប្រាក់ ដែលចេញដោយធនាគារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចេញលិខិតបញ្ជាក់ការបង់វិភាគទានជូនរោងចក្រសាមី បន្ទាប់ពីបានផ្ទៀងផ្ទាត់ចំនួនកម្មករនិយោជិតត្រឹមត្រូវ។ បន្ទាប់ពីទទួលបានលិខិតបញ្ជាក់នេះ រោងចក្រសាមី ត្រូវធ្វើការចុះបញ្ជីជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដោយផ្ទាល់ ឬ តាមរយៈ គេហទំព័រ https://portal.betterwork.org/OnlineRegistration។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង មកលេខទូរសព្ទ (87 525 656។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងជឿជាក់ថា លោក លោកសី ដែលជាម្ចាស់ ឬនាយករោងចក្រផលិតផលធ្វើដំណើរនិងកាបូបដូចបានបញ្ជាក់ខាងលើនឹងអនុវត្តតាមសេចក្ដី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕ដោយ៖សហការី
ខាងក្រោមនេះមានសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖