ម៉ាល់ឌីវ៖ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ នៅវិមានប្រធានាធិបតីម៉ាល់ឌីវ បានថ្លែងបញ្ជាក់ថា៖ កម្ពុជា និងម៉ាល់ឌីវ បានសម្រេចឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល ៣០ថ្ងៃ ពោលគឺប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។
កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “ខ្ញុំមានការរីករាយ ដែលអាចឃើញ និងសម្រេចបានកិច្ចព្រមព្រៀងទិដ្ឋាការ រវាយប្រទេសយើងទាំងពីរ។ ប្រជាជនម៉ាល់ឌីវ និងកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ”។
បើតាមការបញ្ជាក់ពីលោកប្រធានាធិបតីម៉ាល់ឌីវ ក្នុងកិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឌីវ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយលោក និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី រួមមានដូចខាងក្រោម៖
* ១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។
* ២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
* ៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
* ៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍។
* ៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃសាធារណ- រដ្ឋម៉ាល់ឌីវ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។
* ៦៖ អនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជ- កម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ៕ ដោយ៖សហការី