ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃសុក្រទី២០ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ ឧបករណ៍នេសាទថ្នងមូល ឬប្រម នៅតែពេញនិយមប្រើប្រាស់ នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់។
ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា អ្នកនេសាទប្រើប្រាស់ឧបករណ៍នេះ ដើម្បីចាប់ប្រភេទត្រីចម្រុះ ដែលធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ចុងខែកញ្ញា។
សូមជម្រាបថា ឧបករណ៍នេសាទ «ថ្នងមូល ឬប្រម» គឺជាឧបករណ៍នេសាទផលិតឡើងពីស៊ុមឫស្សីរាងមូល ឬពងក្រពើ សម្រាប់បំពាក់សំណាញ់ ដូចមានរូបភាពបង្ហាញស្រាប់។ ទំហំ និងរូបរាងនៃស៊ុមរបស់ថ្នង មានភាពខុសប្លែកគ្នាទៅតាមអ្នកប្រើប្រាស់ចង់បាន។ វាមានប្រវែងសរុប ប្រហែល ៣ម៉ែត្រ។
គួរបញ្ជាក់ថា អ្នកនេសាទប្រើប្រាស់ថ្នងមូលនេះ នៅតាមច្រាំងទន្លេ ស្ទឹង ព្រែកខណៈពេលដែលមានទឹកជំនន់រដូវវស្សា ហូរចេញ ឬចូល ដើម្បីចាប់ប្រភេទត្រីចម្រុះ ដែលធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើ៕ដោយ៖សហការី