ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រទី២០ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៩ ខែមករាម្សិលមិញ ដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមនឹងលោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ ដោយលោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ត្រូវបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានភារកិច្ចមមាញឹក ពុំអាចបន្តដឹកនាំក្លិបបាន។
នាឱកាសចូលកាន់ភារកិច្ចថ្មី ក្នុងវិស័យបាល់ទាត់ លោកនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានបង្ហាញការប្តេជ្ញាចិត្តអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិមួយនេះ ឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត។
ទន្ទឹមនេះលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្លិបអគ្គស្នងការនគរបាលជាតិ សម្រេចបានជាង១១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន។ សមិទ្ធផលទាំងអស់នេះហើយ គឺពិតជាបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លិបកន្លងមក ក្រោមការចង្អុលបង្ហាញ ណែនាំ និងយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរដល់គ្រូបង្វឹក កីឡាករបាល់ទាត់ក្លិបអគ្គស្នងការនគរបាលជាតិទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕ ដោយ៖សហការី