ភ្នំពេញ ៖ ជាទំនៀមទម្លាប់ទៅហេីយ
សម្រាប់បងប្អូនប្រជាពលរដ្ឋចិននិងខ្មែរដែលមានសែស្រឡាយចិននិងវៀតណាម បាននាំគ្នាសម្រុកទៅផ្សារទិញគ្រឿងរណ្ដាប់សែន ម្ហូបអាហារ និងសម្ភារដេីម្បីទុកសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣ ស្អែកនេះ ។
ជាក់ស្ដែងនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ បងប្អូនប្រជាពលរដ្ឋដែលជាជនជាតិចិននិងជនជាតិខ្មែរដែលមានសែស្រឡាយចិនទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសម្បែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិននិងវៀតណាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈដែលនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែនធំតែម្ដង ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិននិងវៀតណាម គឺជាជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយ និងគោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ក្នុងនោះរួមមាន៖ បិទយ័ន្តមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេនមានម្ហូបអាហារ នំចំណី ផ្លែឈើតាមចំណង់ចំណូលចិត្ត ដុតធូបទៀន ដុតក្រដាសសែន អុជធូបនៅព្រះវិហារ យកអំពៅខ្មៅមានស្លឹកមៀនមកចូលផ្ទះ និងដាក់តាំងដើមអង្គាសីលនៅក្នុងផ្ទះ ជាពិសេសនោះ គឺមានតំណមជាច្រើនក្នុងរយៈពេលបីថ្ងៃមិនត្រូវធ្វើឱ្យមានការល្អក់កករ នាំឱ្យប៉ះពាល់ដល់មង្គល និងសិរីសួស្តីឆ្នាំថ្មីនោះឡើយ៕ ដោយ ៖ ភារ៉ា ដង្កោ