ប្រទេសអេស្ប៉ាញ៖ មានការប្រមូលផ្តុំក្រុមមនុស្សចំនួនជាង ១០០ក្រុម រួមទាំងគណបក្សប្រជាជនអភិរក្សនិយម គណបក្សស្តាំនិយមកណ្តាល Ciudadanos និងស្តាំនិយមជ្រុល Vox បានហៅការប្រមូលផ្តុំនេះក្រោមពាក្យស្លោក “ដើម្បីអេស្ប៉ាញ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងដើម្បីរដ្ឋធម្មនុញ្ញ”។
អ្នកតវ៉ាបានវាយប្រហាររដ្ឋាភិបាលចំពោះគោលនយោបាយ និងការសម្រេចចិត្តជាច្រើនរាប់ចាប់តាំងពីការដោះលែងអ្នកធ្វើយុទ្ធនាការឯករាជ្យរបស់តំបន់កាតាឡាន់ រហូតដល់កិច្ចសន្យារបស់ខ្លួនជាមួយនឹងគណបក្សបំបែកខ្លួនក្នុងតំបន់កាតាឡាន់ផងដែរ។ បើតាមការប៉ាន់ស្មានដោយរដ្ឋាភិបាល ការតវ៉ានេះមានមនុស្សចូលរួមប្រមាណជា ៣ម៉ឺននាក់។
ក្រុមអ្នកតវ៉ាបានសម្រុកចូលទៅកាន់ទីលាន Plaza de Cibeles នៅបរិវេណទល់មុខសាលាក្រុង ដោយធ្វើសកម្មភាពនានាដូចជាការគ្រវីទង់ជាតិអេស្ប៉ាញ ព្រមទាំងអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី Pedro Sanchez លាលែងចេញពីតំណែង និងស្រែកឮៗខ្លាំងៗថា “ជនក្បត់”។
សូមបញ្ជាក់ថា, ប្រជាពលរដ្ឋរាប់ពាន់នាក់បានសម្រុកទៅប្រមូលផ្តុំគ្នានៅកណ្តាលរាជធានីម៉ាឌ្រីត នាថ្ងៃសៅរ៍ ទី២១ ខែមករាម្សិលមិញនេះ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលសង្គមនិយម ហើយបានចោទប្រកាន់ថាវាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ ដែលការតវ៉ានេះមានការគាំទ្រដោយគណបក្សស្តាំនិយមក្នុងប្រទេសអេស្ប៉ាញ។
ដោយឡែក នៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រ ភាគឥសាន្តនៃប្រទេសអេស្ប៉ាញ ក្នុងទីក្រុង Valladolid ឯណោះវិញ លោកនាយករដ្ឋមន្រ្តី Pedro Sanchez បាននិយាយក្នុងការជួបជុំអ្នកគាំទ្រក្រុមសង្គមនិយមថា ក្រុមអ្នកតវ៉ានៅទីក្រុង Madrid កំពុងការពារទម្រង់់នៃអ្វីដែលហៅថាជាការរើសអើងឱ្យនៅតែមាននៅក្នុងប្រទេសអេស្ប៉ាញ។
គួរឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលរបស់លោក Sanchez បានលើកលែងទោស និងដោះលែងចេញពីពន្ធនាគារចំពោះមេដឹកនាំប្រាំបួននាក់នៃការទាមទារឯករាជ្យកាលពីឆ្នាំ ២០១៧ នៃតំបន់កាតាឡាន់ដែលរងបរាជ័យ ដោយលោកបានលើកឡើងថា ការដោះលែងនេះធ្វើឡើង “ក្នុងស្មារតីនៃការសន្ទនា”។
លោក Santiago Abascal មេដឹកនាំគណបក្ស Vox ដែលជាមេដឹកនាំគណបក្សនយោបាយតែមួយគត់មានវត្តមានក្នុងការតវ៉ានេះបានប្រាប់ហ្វូងមនុស្សថារដ្ឋាភិបាលបាន “ជាន់ឈ្លីរដ្ឋធម្មនុញ្ញដោយការចាក់សោជនជាតិអេស្ប៉ាញ” ដោយផ្អែកទៅលើវិធានការបិទខ្ទប់អំឡុងការផ្ទុះឡើងនូវវីរុសកូវីដ-១៩៕
ដោយ : សហការី