យោងទៅតាមក្រុមគ្រួសារសពរបស់ លោក Muhammad Ali បានឲ្យដឹងថា មេដឹក នាំកំពូលៗដូចជាលោក Recep Tayyip Erdogan ប្រធានាធិបតីរបស់ប្រទេសទួរគី ព្រះអង្គម្ចាស់ Abdullah ប្រទេសហ្ស៊កដង់ អតីតប្រធានាធិបតីអាមេរិកBill Clinton គ្រោងនឹងទៅចូលរួមក្នុងពិធីបុណ្យសព របស់សេ្តចប្រដាល់ Muhammad Ali ។
មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងចូលរួមពិធីបុណ្យសពនោះដែរ ដោយ ធ្វើឡើងនៅក្នុងទីក្រុង Louisville រដ្ឋ Kentucky នៅក្នុងមជ្ឈមណ្ឌលតន្រ្តីនិងកីឡាឈ្មោះKFC Yum! ហើយពិធីបុណ្យសពនេះនឹងធ្វើការផ្សាយផ្ទាល់តាមអុីនធើណេត ។
គួររំលឹកថា អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់យក្ស Muhammad Ali បាន ស្លាប់បាត់បង់ជីវិតនៅក្នុងវ័យ៧៤ឆ្នាំដោយសារតែជំរងឺផ្លូវដង្ហើម។
Muhammad Aliធ្លាប់ជាកីឡាករល្បី ល្បាញមួយរូបដែលពិភពលោកធ្លាប់បានស្គាល់។ គាត់បានលាចាកលោកនៅក្នុង មន្ទីរពេទ្យមួយនៅក្នុងទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។ ចំណែកពិធី បុណ្យសពរបស់គាត់នឹងធ្វើនៅស្រុក កំណើតរបស់គាត់ក្នុងទីក្រុង Louisville រដ្ឋ Kentucky។
Muhammad Aliចាប់ផ្តើមល្បីឈ្មោះក្រោយឈ្នះមេដាយមាសទម្ងន់ធ្ងន់មធ្យមក្នុងកម្មវិធីកីឡាអូឡាំពិកនៅក្នុងទីក្រុងរ៉ូមប្រទេសអុីតាលី។ បន្ទាប់មកកីឡាករប្រដាល់សញ្ជាតិអាមេរិកនេះបានយកឈ្នះលើ កីឡាករ Sonny Liston នៅក្នុងឆ្នាំ១៩៦៤ឈ្នះខ្សែក្រវ៉ាត់ពិភពលោកជាលើកដំបូង។
គាត់បានចូលនិវត្តន៏នៅក្នុងឆ្នាំ១៩៩៨ ដោយមានកំណត់ត្រាប្រដាល់ឈ្នះ ៥៦ដងក្នុងចំណោម៦១ប្រកួត៕
ដោយ៖ ដេវីត