ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ៖ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់អភិវឌ្ឍប្រទេសជាតិ ។ ការលើកឡើងរបស់សម្ដេចតេជោ សំដៅគិតអំពីធនធានមនុស្សជាធំ ដើម្បីការពារ សន្តិភាព ដែលទទួលបានដោយការលំបាកបំផុតសម្រាប់ជីវិតសម្ដេចក្នុងនាមជាថ្នាក់ដឹកនាំ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីអនុស្សាវរីយ៍ របស់សម្តេចដែលបានដាក់ចេញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសលើវិស័យអប់រំ គឺអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេ ពីព្រោះធនធានមនុស្ស គឺជាគោលដៅមួយដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស គឺដើម្បីបំពេញសេចក្តីត្រូវការសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អ្នកខ្លះបានចេះដឹង នៅក្រោមសាលារៀនដែលរាជរដ្ឋាភិបាល បានខិតខំរួមគ្នាកសាង ប៉ុន្ដែផ្ទុយទៅវិញ ពួកគេបានចាត់ទុក និងបែរជាមើលស្រាលគុណភាពអប់រំរបស់កម្ពុជាទៅវិញ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កាលពីជាង៤០ឆ្នាំមុន ពោលក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំប្រទេសពេលនោះ បានយកចិត្តទុកដាក់ខ្លាំងណាស់លើការងារអប់រំ ដែលជាវិស័យដ៏មានអទិភាពមួយ ហើយបានបង្កើនឲ្យមានបវេសនកាលឆ្នាំសិក្សា ១៩៧៩-១៩៨០ ។
សម្ដេចតេជោ បន្តថា មុនមានបវេសនកាលនាពេលនោះ នៅស្ទើគ្រប់ទីកន្លែងទាំងអស់ ក៏ចាប់ផ្ដើមមានការរៀនសូត្រ នៅក្រោមកុដិលោក ក្រោមផ្ទះពលរដ្ឋ ដោយប្រើធ្យូងសរសេរ ។ ការបង្រៀននេះ ពុំមានគ្រូគ្រប់គ្រាន់នោះទេ ត្រូវជ្រើសរើសអ្នកមានវប្បធម៌គួរសម ចាប់ផ្ដើមធ្វើការបង្រៀន ដែលខុសពីបច្ចុប្បន្ននេះ ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកខ្លះខ្លាចណាស់ នៅពេលយើងរំលឹកពីអតីតកាលរបស់កម្ពុជា ជូនកាលពួកគេបានចេះដឹងនៅក្រោមសាលា ដែលរាជរដ្ឋាភិបាលបានខិតខំកសាង ប៉ុន្តែពួកគេមើលស្រាលគុណភាពអប់រំនៅកម្ពុជាទៅវិញ ៕
ដោយ : សិលា