ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលមានទំហំ ទទឹង១១ម៉ែត្រ និងជម្រៅ ៩ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត 20,000$ (ពីរម៉ឺនដុលា្លរអាមេរិក) ដោយទទួលបានការឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់÷
១-ឧបត្ថម្ភថវិកាចំនួន 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍
២-ជូនបច្ច័យតាជី យាយជីចំនួន៣០នាក់ ក្នុងម្នាក់ៗ បច្ច័យ០១មុឺនរៀល សារុង០១ ផងដែរ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ និងសហការី បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដេីម្បីត្រៀមលក្ខណៈចលនាសាងសង់អាគារថ្មីជាបន្តទៀត ។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចូលមកកាន់ក្នុងមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា នាពេលថ្មីៗកន្លងមកនេះ ។ បេីគិតមកដល់ពេលបច្ចុប្បន្ននេះ រយៈពេលត្រឹមតែ បីសប្ដាហ៍ គឺមិនដល់មួយខែផង អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២កន្លែង បាននឹងកំពុងចាប់ផ្ដើមសាងសង់ថ្មី÷
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការកសាងអគាររប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងនេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់ លោកមេប៉ុស្តិ៍ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចរបស់យើង៕ ដោយ៖ វណ្ណៈ