ខេត្តបាត់ដំបង៖ ពិរុទ្ធជនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកថ្មគោល ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តដីការបស់តុលាការ ពីបទរំលោភលើទំនុកចិត្ត និងសមគំនិត។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅល្ងាចថ្ងៃអង្គារទី២៤ ខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ទោ សេង លុច ជាអធិការស្រុកថ្មគោល កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជា មួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកថ្មគោល កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ០៥/២៣ ដ.ប.ខ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ របស់ព្រះរាជអាជ្ញារង ទុត វីនីត សាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនពិរុទ្ធជនម្នាក់ឈ្មោះ ស៊ាង ទន្សាយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទ រំលោភលើទំនុកចិត្ត និងសមគំនិត ប្រព្រឹត្តនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង កាលពីអំឡុងខែមករា ឆ្នាំ២០២២ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ដោយ៖សហការី