ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជិត១០០នាក់មកជួបជុំគ្នានៅវត្តដេីម្បីការពារព្រះគ្រូចៅអធិការវត្តចារថ្មីដែលអាជ្ញាធរឃុំថានឹងបណ្តេញចេញពីវត្តក្រោយពីមានអធិករណ៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នៅក្នុងភូមិចារថ្មី ឃុំគោកបល្ល័ង្ក ស្រុកមង្គលបុរី។
ប្រជាពលរដ្ឋបានលើកឡើងថាៈមូលហេតុដែលពួកគាត់ប្រមាណជាង១០០នាក់បានផ្តិតមេដៃគាំទ្រព្រះគ្រូចៅអធិការវត្តចារថ្មីមិនអោយអាជ្ញាធរឬមន្ត្រីសង្ឃរំសាយចេញពីវត្តចារថ្មីននេះទេ ព្រោះគ្រូចៅអធិការវត្តចារថ្មីជាសង្ឃល្អចេះតែកសាងវត្ត ដោយព្រះគ្រូចៅអធិការវត្តគ្មានញាតិញោមសាច់ញាតិនោះទេ។ ទំនាស់ដែលត្រូវអាជ្ញាធរឃុំប្តឹងសុំរំសាយព្រះចៅអធិការនេះ ព្រោះរឿងលុយកឋិនទានសាមគ្គីមានប្រាក់ជាង១០ម៉ឺនបាតនិងប្រាក់រៀលជាង២០លានរៀល។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយពេលដែលម្ចាស់អង្គកឋិនទាននាំគ្នាទារលុយពីគណៈកម្មការនិងអាចារ្យវត្តចារថ្មី ហើយអាជ្ញាធរឃុំ.ភូមិបាននាំគណៈកម្មការនិងអាចារ្យយកមកប្រគល់ជូនព្រះគ្រូចៅអធិការវត្តដើម្បីយកទៅទូទាត់ថ្លៃជំពាក់កសាងវត្តនិងសេសសល់ប៉ុន្មានកសាងវត្តបន្ត គឺតាំងពេលនោះមកទំនាស់បានកើតឡើងរហូតដល់អាជ្ញាធរឃុំ.ភូមិបានសុំទៅមន្ទីរធម្មការនិងសាសនាខេត្តរហូតដល់មន្ត្រីសង្ឃខេត្តដើម្បីរំសាយព្រះសង្ឃចេញពីវត្តដោយរៀបចំថ្មីទាំងចៅអធិការវត្ត គណៈកម្មការ និងអាចារ្យ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ទំនាស់ឬអធិករណ៍ក្នុងវត្តនេះបង្កចេញពីអាជ្ញាធរដែលខឹងគោវ៉ៃរទេះ ព្រោះតែរឿងទារលុយយកមកប្រគេនព្រះចៅអធិការកសាងវត្ត ក៏ប្តឹងរំសាយព្រះចៅអធិការដូចជារឿងអយុត្តិធម៌ពេកហើយ សួរថា៖ព្រះគ្រូចៅអធិការវត្តចារថ្មីខុសអ្វី តើទំនាស់អធិករណ៍ចេញពីអ្នកណា? សុំជួយរកយុត្តិធម៌ប្រគេនព្រះគ្រូចៅអធិការវត្តផង ព្រោះវាដូចជាអយុត្តិធម៌ពេកហើយទើបពួកគាត់នៅការពារមិនអោយរំសាយ។
អាជ្ញាធរឃុំគោកបល័្លង្កបានបញ្ជាក់ថា៖មូលហេតុសុំអោយមន្ត្រីសង្ឃរំសាយព្រះសង្ឃនិងគណៈកម្មការ អាចារ្យវត្ត ចេញហើយទើបរៀបចំថ្មី ព្រោះតែកើតមានរឿងអធិករណ៍ក្នុងវត្ត ហើយព្រះគ្រូចៅអធិការវត្តចារថ្មីក្រោធខឹងគណៈកម្មការនិងអាចារ្យវត្តមិនប្រគល់លុយកឋិនទានអោយកាន់ទើបជេរបញ្ចោរគណៈកម្មការនិងអាចារ្យកើតរឿងអធិករណ៍ក្នុងវត្តប៉ះពាល់វិស័យសាសនាទើបសុំមន្ត្រីសង្ឃរំសាយចេញទាំងអស់បង្កើតថ្មី។
ដោយឡែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានប្រាប់ថា៖រឿងរ៉ាវអធិករណ៍ជម្លោះក្នុងវត្តចារថ្មី ឃុំគោកបល័្លង្កដែលមានប្រជាពលរដ្ឋធ្វើការតវ៉ាជំទាស់មិនអោយរំសាយព្រះសង្ឃក្នុងវត្តនោះគឺមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងមន្ត្រីសង្ឃនិងព្រះមេគណខេត្តបានសម្រេចហើយបានជូនដំណឹងទៅព្រះគ្រូចៅអធិការវត្តចារថ្មីត្រូវរៀបចំអីវ៉ាន់ចេញពីវត្តដោយខ្លួនឯងបើសិនជាមិនរំសាយទេអាចប្រជុំគណៈកម្មការដើម្បីបណ្តេញព្រះសង្ឃចេញពីវត្តនិងរៀបចំថ្មី ព្រោះមានទំនាស់ក្នុងវត្តធ្វើឱ្យប៉ះពាល់ដល់សាសនាមិនអាចទុកបានឡើយ៕ ដោយវណ្ណា