ភ្នំពេញ៖ ម្ចាស់អាជីវកម្មទាំងអស់ មានដូចជាលក់គ្រឿងសមុទ្រ ,ទិញលក់រថយន្ដ និងម៉ូតូ ដែលរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅផ្លូវលេខ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មទាំងនោះ ចាប់ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ នេះបេីយោងបេីតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួលគោក ចេញដោយលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹងចំនួន២ ដោយទី១ ទុករយៈពេល៣ខែជាកំហិត ដល់ម្ចាស់អាជីវកម្មខាងលេីនេះ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងទី២ លោក ជា ពិសី បានស្នើឱ្យអស់លោក-លោកស្រីទាំងអស់ ជាម្ចាស់អាជីវកម្មទិញ-លក់រថយន្ដ តុបតែងរថយន្ដ យានដ្ឋានជួសជុលថែទាំរថយន្ដ ទីតាំងលក់គ្រឿងម៉ាស៉ីនរថយន្ដគ្រប់ប្រភេទ ម្ចាស់ទីតាំងទិញ-លក់ម៉ូតូ និងទីតាំងកែច្នៃ-ជួសជុលម៉ូតូ ឱ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ឬតសំយ៉ាបដំបូលផ្ទះរំលោភលើចិញ្ចើមផ្លូវ និងការចាក់ចោលកាកសំណល់ប្រេងម៉ាស៉ីន នៅផ្លូវសាធារណៈជាដាច់ខាត។
សេចក្ដីជូនដំណឹងទាំង២ របស់លោក ជា ពិសី បានធ្វើឡើងក្នុងន័យចូលរួមរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានី ដោយយោង សេចក្ដីណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ នៃផែនការស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងសេចក្ដីជូនដំណឹងទាំង២ របស់លោក ជា ពិសី បានគូសបញ្ជាក់ថា បើក្នុងករណីលោក-លោកស្រី ជាម្ចាស់អាជីវកម្មទាំងអស់ មិនអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ នោះរដ្ឋបាលខណ្ឌទួលគោក នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ ហើយបើក្នុងករណី មានការរារាំង រឹងរូសមិនស្ដាប់តាមការណែនាំ នោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់។
ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក លោក ជា ពិសី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការ និងអនុវត្តតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ៖ សហការី