ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបើករថយន្តមួយគ្រឿងមកផ្ទះស្ត្រីម្នាក់ជាសង្សារតែពេលមកដល់ខាងស្រីមិនបើកទ្វារឲ្យចូល ក៍ស្រែកឡូឡាផ្អើលអ្នកជិតខាង និងបង្កជម្លោះព្រមទាំងហិង្សារទៅលេីប្អូនប្រុសខាងស្រីឡេីងប៉ោងមុខ កាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៣ នៅចំណុចផ្ទះខាងស្រី ភូមិ ១០០ ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនបង្កខាងលេីមានឈ្មោះ ឈួន ណារ៉ុង ភេទប្រុសអាយុ៥០ឆ្នាំជាង មុខរបរធ្វើការនៅក្រសួងអប់រំយុវជននិងកីឡា។ ចំណែកជនរងគ្រោះមានឈ្មោះហេង បូរិ ភេទប្រុស អាយុ ៣៩ឆ្នាំ។
បេីតាមសម្ដីស្ត្រីដែលត្រូវជាសង្សារបុរសខាងលើនោះ បានប្រាប់ឲ្យដឹងថា រូបគាត់និងបុរសរូបនោះធ្លាប់មានទំនាក់ទំនងស្នេហាក្លាយសង្សារជាមួយគ្នារយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមួយរយ:ពេលចុងក្រោយនេះ រូបគាត់បានផ្ដាច់ទំនាក់ទំនងស្នេហានិងគ្នា តែខាងប្រុសចេះតែមករកគាត់ តែរូបគាត់មិនចង់ជួបនឹងបានគេចវេសពីបុរសខាងលើនេះរហូត ដោយមិនចង់ជួបឡើយ ។ លុះដល់ថ្ងៃកើតហេតុខាងលើស្រាប់តែបុរសខាងលើនោះបានបើករថយន្តមួយគ្រឿងមកដល់ផ្ទះរបស់គាត់ ហើយក៏បានគោះទ្វារស្រែកហៅគាត់ឲ្យបើកទ្វារឲ្យតែរូបគាត់មិនបើកឲ្យចូល ស្រាប់តែបុរសខាងលើនោះបានស្រែកឡូឡាផ្អើលអ្នកជិតខាង ពេលនោះរូបគាត់មើលសភាពមិនស្រួលក៏បានខលហៅប្អូនប្រុសគាត់ឲ្យមកជួយមើលផង ខណៈប្អូនប្រុសគាត់មកដល់ក៏បានប៉ះទង្គិចសម្ដីជាមួយបុរសខាងលើនោះក៍កើតជាហិង្សាវាយទៅលើប្អូនប្រុសរបស់គាត់មួយដៃបណ្ដាលឲ្យប៉ោងមុខម្ខាង។ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចបាននាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួននាំ និងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនិតិវិធី។ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងប៉ិស្តិ៍នគរបាលទឹកថ្លា ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៏ផងដែរ៕ ដោយ ៖ ភារ៉ា ដង្កោ