សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងឈានដល់ដំណាក់កាលទ្រង់ទ្រាយធំ ខណៈដែលប្រទេសសំខាន់បំផុតនៅអង្គការណាតូ គឺអាមេរិកនិងអាល្លឺម៉ង់បានសម្រេចបញ្ជូនរថក្រោះទំនើបទៅជួយដល់អ៊ុយក្រែនដើម្បីទប់ទល់ជាមួយរុស្ស៊ី ដោយមិនខ្វល់ពីការព្រមានពីទីក្រុងមូស្គូនោះឡើយ។
កន្លងមកថ្មីៗ អាមេរិក និងអាល្លឺម៉ង់បានបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ហើយនៅពេលនេះ អ៊ុយក្រែនបន្តស្នើយន្តហោះចម្បាំងបន្ថែមទៀត។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣នេះបានផ្សាយថាអ៊ុយក្រែនបាននិយាយថា ខ្លួននឹងជំរុញចាប់ពីពេលឥលូវនេះតទៅ ឱ្យលោកខាងលិចផ្ដល់យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជាយន្ដហោះចម្បាំងអាមេរិក F-16 ជាដើម មកឱ្យទាហានរបស់ខ្លួន ក្រោយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ហើយនោះ។
សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសជាផ្លូវការពីការសម្រេចចិត្តផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ឱ្យអ៊ុយក្រែន ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនរថក្រោះ Abrams ៣១គ្រឿង រីឯទីក្រុងបែរឡាំងយល់ព្រមផ្ដល់រថក្រោះខា្លរខិន «Leopard 2» ១៤គ្រឿងដល់ទីក្រុងកៀវ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់ក៏នឹងផ្តល់ការអនុញ្ញាតដល់បណ្តាប្រទេសជាដៃគូដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីអ៊ុយក្រែន និងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត ហើយវាក៏នឹងក្លាយជាការត្រួសត្រាយផ្លូវជំរុញលើកទឹកចិត្តឱ្យបណ្ដាប្រទេសលោកខាងលិចបន្តយល់ព្រមផ្ដល់អាវុធធុនធ្ងន់បន្ថែមទៀតឱ្យអ៊ុយក្រែន។ លោក Yuriy Sak ដែលជាទីប្រឹក្សារបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បាននិយាយថា បច្ចុប្បន្ន អ៊ុយក្រែននឹងចាប់ផ្ដើមជំរុញឱ្យលោកខាងលិចផ្ដល់យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជាយន្ដហោះចម្បាំងអាមេរិក F-16 ជាដើម។ «បើយើងទទួលបានយន្ដហោះចម្បាំងទំនើបៗ នោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងសម្បើមដល់ពួកយើងនៅលើសមរភូមិ…យន្ដហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 គឺជាអ្វីដែលពួកយើងត្រូវការ»។
ការសម្រេចចិត្តផ្ដល់អាវុធធុនធ្ងន់ឱ្យអ៊ុយក្រែន កើតមានឡើងនៅចំពេលក្រុមមន្ត្រីអ៊ុយក្រែនបានព្រមានថា រុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកសាជាថ្មីឆាប់ៗនេះ និងបន្ទាប់ពីទាហានស៊ីឈ្នួលរុស្ស៉ី វាយដណ្ដើមកាន់កាប់បានទីក្រុងសូឡេដា នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះ៕ ដោយធីរីណា
រូបថត : vov.vn