ខេត្តតាកែវ៖ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដែលដាក់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវពាក់ព័ន្ធនិងករណីជនសង្ស័យថ្នាំញៀនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកដឹងក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជនសង្ស័យបុកជាមួយម៉ូតូមួយគ្រឿងទៀតរងរបួសទាំងសងខាង។
របាយកាណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស់បានបញ្ជាក់ថា កាលពីវេលាម៉ោង ១៧និង២៥នាទីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូពីគ្រឿងបុកគ្នានៅចំណុចមុខក្លោងទ្វាវត្តព្រៃល្វា ភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីររងរបួសទាំងសងខាង។ ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងខាងកម្លាំងនគរបាលចរាចរណ៍បានបញ្ជូនជនរងគ្រោះទាំងអស់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។ ពេលកំពុងចូលព្យាបាលរបួសនោះស្រាប់តែប្រជាពលរដ្ឋឃើញជនរងគ្រោះម្នាក់បានលួចចេញតាមទ្វាក្រោយមន្ទីរពេទ្យ ប្លោះរបងចេញក្រៅរត់បាត់និងបានបោះថង់ខ្មៅមួយចូលក្នុងទឹកត្រពាំងទើបប្រជាពលរដ្ឋដែលឃើញបានរាយការណ៍សកម្មភាពនោះដល់សមត្ថកិច្ច ពេលនោះកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបានចុះទៅក្នុងត្រពាំងរាវរកថង់ដែលជនរងគ្រោះបោះចោល។ ក្រោយពេលរាវរកឃើញថង់ខ្មៅនោះហើយទើបដឹងថាជាថង់ថ្នាំញៀនដែលជនរងគ្រោះបោះចោលដើម្បីកុំឲ្យសមត្ថកិច្ចដឹងដែលនៅក្នុងថង់ខ្មៅនោះមានថ្នាំញៀនចំនួន០៣ថង់ធំកន្លះ និង ១៥ថងតូច។
បើតាមសម្តីរបស់លោកវរៈសេនីយ៍ទោ ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស់បានឲ្យដឹងថា ជនជួបគ្រោះថ្នាក់ចរាចរណ៍ដែលក្លាយជាជនសង្ស័យថ្នាំញៀននោះមានឈ្មោះ ងួន នរវិសុទ្ធ ហៅ សុងប៉ែត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ស្រុកកោះធំ ខេត្តកណ្តាល រត់គេចខ្លួនបាត់ក្រោយកើតហេតុដោយទុកនារីរួមដំណើរជាមួយម្នាក់នៅនិងមន្ទីរពេទ្យឈ្មោះ សោម មុំ អាយុ១៧ឆ្នាំ ជាកម្មការិនីរោងចក្រស្នាក់នៅភ្នំពេញមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
បច្ចុប្បន្នជនសង្ស័យថ្នាំញៀនដែលរត់គេចនោះត្រូវបានកម្លាំងជំនាញស្រុកព្រៃកប្បាស់សហការជាមួយកម្លាំងជំនាញស្រុកកោះធំតាមស្រាវជ្រាវចាប់ខ្លួនចំណែកនារីរួមដំណើរត្រូវបានឃាត់ខ្លួនដើម្បីសាក់សួរបន្ត៕
ដោយ៖ ជីសូរិកា