ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា ធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុលើកឡើងថា នាំចេញផលិតផលកាត់ដេរ និងសំលៀកបំពាក់របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នៅតែបន្តកើន ទោះបីតំបន់ដែលចាយប្រាក់អឺរ៉ូ មានការថមថយកំណើនសេដ្ឋកិច្ចដោយសារវិបត្តិសកលក៏ដោយ។
លោករដ្ឋលេខាធិការប្រចាំការលើកឡើងនៅក្នុងវេទិកា សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិកាឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នេះថា សម្រាប់ការនាំចេញរបស់កម្ពុជាទៅទីផ្សារអឺរ៉ុប គឺមានការប៉ះពាល់តិចតួច តែស្ថិតនៅក្នុងកម្រិតមួយដែលកម្ពុជាអាចនាំចេញបាន ប៉ុន្តែបើស្ថានភាពនៅអឺរ៉ុបដោះ ស្រាយថាមពលបានល្អវិញ វាក៏ជាកត្តាល្អសម្រាប់កម្ពុជាដែរ ប៉ុន្តែជាទូទៅនាពេលកន្លងមកនេះ ការនាំចេញផលិតផលកាត់ដេរ និងសំលៀកបំពាក់គឺមានការថម ថយគ្រប់ទីកន្លែងទាំងអស់ សូម្បីទីផ្សារនាំចេញទៅប្រទេសចិនក៏ថមថយដូចគ្នា។
លោករដ្ឋមន្ត្រីប្រតិភូលើកឡើងថា ជុំវិញការអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ កាបូប និងស្បែកជើង កម្ពុជាមានគោលនយោបាយសម្រាប់ដោះស្រាយរយៈពេល ១០ឆ្នាំ ដោយក្នុងគោលនយោបាយនោះគឺ ពង្រឹងតម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលមានគុណភាព និងជំនាញរបស់កម្មករដើម្បីទទួលបានប្រាក់ខែកាន់តែច្រើន ការធ្វើទំនើបកម្មក្នុងវិស័យនេះឲ្យកាន់តែប្រសើរ ជាពិសេសការជំរុញលើកទឹកចិត្តឲ្យមានខ្មែរកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។
លោកវង្សី វិស្សុត មានប្រសាសន៍បន្ថែមថាទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និង RCEP ជាដើម ហើយទីផ្សារទាំងនេះមិនមានការនាំចេញផលិតផលកាត់ដេរ និងសំលៀកបំពាក់នោះទេ ដោយកម្ពុជាក៏មិនសង្ឃឹមថា ទីផ្សារទាំងនេះ ជំនួសការចេញទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុបបានដែរ ប៉ុន្តែទីផ្សារទាំងនេះ កម្ពុជាអាចជំនួសការនាំចេញនូវមុខទំនិញផ្សេងៗទៀត៕ ដោយ៖ សូរិយា