កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៥២ពាន់លានដុល្លារ កើនជិត១០% ក្នុងឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផល​ការងារ​ដែល​ក្រសួង​សម្រេចបាន ក្នុងរយៈពេល​មួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ​ស្របតាមកម្ម​វិធី​​នយោបាយ និង​យុទ្ធសាស្រ្ត​​ចតុកោណដំណាក់កាល​ទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួម​អភិវឌ្ឍសេដ្ឋកិច្ច​ និង​សង្គម។

ថ្លែងក្នុងពិធីបើកលោករដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​​​​វត្តមាន​របស់​សមាជិកសមាជិកាទាំងអស់ ដែលបាន​ចំណាយពេលវេលាអញ្ជើញចូល​រួម​ក្នុង​​សន្និបាតប្រចាំឆ្នាំ​ របស់ក្រសួង​ពាណិជ្ជកម្មឆ្នាំនេះ។​

លោករដ្ឋមន្រ្តី រម្លឹកថាចាប់តាំងពីដើមឆ្នាំ២០២០ រហូត មកដល់បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានរងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដោយបញ្ហា​​ជំងឺកូវីដ-១៩ និង​ឥទ្ធិពល​​នៃសង្គ្រាម​នៅ​អ៊ុយក្រែន ហើយដើម្បីចូលរួមស្តារ​សេដ្ឋកិច្ចឡើង​វិញ ក្រសួង​ពាណិជ្ជកម្មបានអនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម តាមរយៈការជំរុញផលិតកម្ម​ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ​តាម​ច្រកទីផ្សារ​ដែលត្រូវបាន​ធ្វើពិពិធកម្ម សំដៅជំរុញកំណើន និង​បង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅក្នុង​តំបន់ ​និង​ពិភពលោក។

ទោះបីជាមានការរំខាន់ការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក្តី គិតតឹ្រមបំណាច់ឆ្នាំ២០២២ ការដោះដូរ​ពាណិ​ជ្ជកម្មរវាងប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ៥២,៤២​ប៊ីលាន​ដុល្លារ​អាម៉េរិក ស្មើនឹងកំណើន ៩,១% បើធៀបនឹងទិន្នន័យឆ្នាំ២០២១។ នេះតាម​ការបញ្ជាក់​របស់​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

​លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការនាំចេញរបស់កម្ពុជាគិតក្នុងរយៈពេលមួយឆ្នាំពេញ២០២២ មានចំនួនប្រមាណ ២២,៤៨ប៊ីលានដុល្លារ កើនឡើង ១៦% និងការនាំចូលមានចំនួន ២៩,៩៤ប៊ីលានដុល្លារ គឺមានការកើនឡើង ៤%។ ឯកឧត្តម បានលើកឡើងថា ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចពិភពលោក ជាគោលនយោបាយពង្រីកទីផ្សារ និងទាក់ទាញវិនិយោគ។

ជាមួយនោះដែរក្នុងឆ្នាំ២០២២កន្លទៅ កម្ពុជាក៏ទទួលរងនូវឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបណ្តាលឲ្យមានការកើនឡើងនូវអត្រាអតិផរណាដោយសារវិបត្តិថាមពល ប្រេងឥន្ធនៈ និងម្ហូបអាហារ។ លោកបន្តថា ទោះជាយ៉ាងនេះក្តី ដើម្បីចូលរួមស្តារឡើងវិញនូវសេដ្ឋ កិច្ចនិងកំណើន ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមច្រកទីផ្សារត្រូវបានធ្វើពិពិធកម្ម សំដៅជមរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា តាមរយៈទិសដៅការងារពាណិជ្ជកម្ម ដែលបានដាក់​ចេញ​កាល​ពីដើមឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែ​បញ្ហា​ប្រឈមទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹង​ភាព​ប្រកួតប្រជែង នៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងដោយបង្កលក្ខណៈងាយ ស្រួល និង​បង្កើត​បរិយាកាសអំណោយផលដល់ការធ្វើធុកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់និងពិភពលោក ឯកឧត្តមរដ្ឋមន្រ្តី បានអះអាងថា ក្រសួងពាណិជ្ជ​កម្ម​កំពុង​ខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្តពង្រឹងធន​ធាន​មនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន កំណែទម្រង់ស៊ីជម្រៅ និងការ​កែល​ម្អសេ​វាសាធារណៈ ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស កិច្ចការអភិវឌ្ឍន៍ទីផ្សារ និង​អភិវឌ្ឍន៍​វិស័យ​ឯកជន​រួមទាំងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មព្រមទាំង​បានរៀប​ចំគោល​នយោបាយពាណិជ្ជកម្មក្រៅប្រទេសផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print