ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ទីតាំងយានដ្ឋានជួសជុលរថយន្តចំនួន៥កន្លែង ស្ថិតនៅស្រុកសំរោងទង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវសង្ស័យថាលួចលាក់កែច្នៃដំឡើងរថយន្ដដោយល្មើសច្បាប់។
របាយការណ៍ដដែលបន្តថា ដោយអនុវត្តតាមគោលការណ៍ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែមករាម្សិលមិញ កម្លាំងនគរបាលសេដ្ឋកិច្ចបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ចំនួន៥កន្លែងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង រកឃើញរថយន្ត១២គ្រឿង រួមមាន៖
-ទីតាំងបាញ់ថ្នាំរថយន្តលក្ខណៈគ្រួសារ ចំនួន០៣កន្លែង ជំនាញមន្ទីរសាធារណការណែនាំឱ្យម្ចាស់ទីតាំងស្នើសុំច្បាប់អាជីវកម្មឱ្យបានត្រឹមត្រូវនៅពេលបើកដំណើរការ ។
-ទីតាំងយានដ្ឋានចំនួន០២កន្លែង មានច្បាប់ត្រឹមត្រូវ ជាក់ស្ដែងរថយន្តចំនួន១២គ្រឿង ស្ថិតនៅទីតាំងទាំង០៥ខាងលើ មានឯកសារត្រឹមត្រូវ ជាប្រភេទរថយន្ដបែនដឹកដី ចង្កូតស្ដាំដែលរាជរដ្ឋាភិបាលផ្ដល់ការអនុគ្រោះអនុញ្ញាតឱ្យធ្វើការបង់ពន្ធលើរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមានស្រាប់នៅក្នុងស្រុក និងមិនអនុញ្ញាតឱ្យបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយកមកដំឡើងបង្គុំជារថយន្ដដើម្បីកែជាប្រភេទដឹកដី ។ល។
សូមជម្រាបជូនថា កន្លងទៅរាជរដ្ឋាភិបាល ក្រោមការអនុគ្រោះបំផុតពីប្រមុខដឹកនាំសម្ដេចតេជោ បានអនុញ្ញាតឱ្យមានការលើកលែងមិនឱ្យមានការកែចង្កូតពីស្ដាំមកឆ្វេង ប៉ុន្ដែអនុញ្ញាតិឱ្យបង់ពន្ធជូនរដ្ឋលើរថយន្ដដែលមានស្រាប់ និងជាតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយើងលើការចាំបាច់ការដឹកជញ្ជូនកសិផល ឬអាជីវកម្មនានា ដើម្បីកុំឱ្យក្លាយជាបញ្ហាហានិភ័យលើបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ ៕ ដោយ៖សហការី