ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងខណៈដែលរូបគេបានជិះម៉ូតូក្នុងល្បឿនលឿនហើយក៏ចាប់ហ្វាំងក្នុងបំណងបត់ចូលផ្ទះស្រាប់តែដួលបោកនិងថ្នល់សង្ស័យស្រវឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវភ្នំពេញហាណូយមុខការ៉ាស់សាំង ToTal សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ពុំស្គាល់អត្តសញ្ញាណបានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយសុីគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1F-7360 ជិះម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុជនរងគ្រោះក៏បត់ចូលទៅផ្ទះចាប់ហ្វាំងដួលបោកទៅនិងថ្នល់រងរបួសសន្លប់ស្តូក ហើយត្រូវបានប្រជាពលរដ្ឋជួយធ្វើចលនានិងលើកមកដាក់ខាងផ្លូវ មួយសន្ទុះក្រោយមកទើបជនរងគ្រោះដឹងខ្លួនហើយក៏មានបងប្អូនមកឌុបយកទៅផ្ទះវិញដើម្បីទិញថ្នាំព្យាបាលដោយខ្លួនឯង៕
ដោយ៖ តុង សីហា