ការប្រកួតមួយទល់មួយដើម្បីក្លាយជាម្ចាស់សេតវិមាន រវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ នឹងលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ។
ទឹកដីអាមេរិកកំពុងតែឈរនៅចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី។ ជាលើកទីមួយ ដែលអាមេរិកមានស្ត្រីជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហើយឱកាសបានក្លាយជាប្រធានាធិបតីនោះ មិនទាន់ច្បាស់នៅឡើយទេ ។ ប៉ុន្តែបើតាមការស្ទង់មតិ ភាគរយនៃការក្លាយជាប្រធានាធិបតីអាមេរិករបស់លោកស្រី ហ៊ីលឡារី គ្លីនតុន មានច្រើនជាង គូប្រជែងរបស់ខ្លួន ។
ការប្រកួតវគ្គផ្តាច់ព្រត្រ រវាងម្ខាងជាអ្នកមានបទពិសោធពេញខ្លួននៅលើសង្វៀង ក្នុងការដឹកនាំអាមេរិក និងម្ខាងទៀត ជាមហាសេដ្ឋី ដែលមិនធ្លាប់ប្រឡូកក្នុងឆាកនយោបាយម្តងណាឡើយ ។ គម្លាតគ្នាច្រើនពីការដឹកនាំ ទាំងនោះហើយ អាចធ្វើឲ្យពលរដ្ឋអាមេរិកដឹកច្បាស់ថា ត្រូវបោះឆ្នោតឲ្យភាគីណាមួយ ។
ក្នុងពេលជាមួយគ្នានេះដែរ លោក អូបាម៉ា បានអំពាវនាវដល់តំណាងរាស្ត្រក្នុងបក្សទាំងអស់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីគាំទ្របេក្ខជនតែម្នាក់ក្នុងការចូលរួមតទល់នឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ ។ ការរួមសាមគ្គីជាធ្លុងមួយនៅក្នុងបក្សប្រជាធិបតេយ្យ ដែលលោក អូបាម៉ា ចង់ស្នើលោក សេនដឺ ឲ្យទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន និងទទួលស្គាល់ជោគជ័យរបស់លោកស្រី គ្លីនតុន ។
លោក អូបាម៉ា បានដឹងច្បាស់ណាស់ថា លោក សេនដឺ ជាឥស្សរជននយោបាយម្នាក់ដែលកំពុងមានឥទ្ធិពលនិងមានទម្ងន់នៅក្នុងគណបក្សប្រជាធិបតេយ្យ តែអ្វីដែលលោក អូបាម៉ា ចង់បានគឺការបញ្ចប់ភាពប្រទាញប្រទង់គ្នា រវាងលោកស្រី គ្លីនតុន នឹងលោក សេនដឺ នៅមុនសមាជបក្សនាដំណាច់ ខែកក្កដា ខាងមុខ៕
ប្រែសម្រួល៖ សាធី