ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹង ហើយចាប់រំលោភម្តាយក្មេកចាស់ជរា ដែលមានអាយុរហូតដល់៨២ឆ្នាំទៅហើយនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
បុរសសង្ស័យឈ្មោះ កុយ ផល អាយុ៣៧ឆ្នាំ រស់ភូមិតាប្រុក ឃុំឈូកខ្សាច់ ។ នៅមុនពេលកើតហេតុ បុរសសង្ស័យ រួមជាមួយមិត្តភក្តិនាំគ្នាផឹកស្រាស្រវឹងជោកជាំ ក្រោយមកជនសង្ស័យមិនដឹងយ៉ាងម៉េច ក៏បែកគំនិតទៅចាប់ម្តាយក្មេកអាយុ៨២ឆ្នាំរំលោភរហូតបានសម្រេចតែម្តង ។ ក្រោយពីចាប់រំលោភរួច ជនសង្ស័យធ្វើហាក់ដូចមិនដឹងខ្លួន ប៉ុន្តែលោកយាយរងគ្រោះដែលជាម្តាយក្មេកជនសង្ស័យបាននិយាយប្រាប់កូនស្រីបង្កើត ត្រូវជាប្រពន្ធរបស់បុរសសង្ស័យ ទើបមានការប្តឹងផ្តល់សមត្ថកិច្ចឲ្យមានការចាប់ខ្លួនតែម្តង ៕ ប៊ុន រិទ្ធី