ភ្នំពេញៈបុរសម្នាក់បានបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលភ្លាមៗ បន្ទាប់ពីពួកគាត់ជិះម៉ូតូក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងទឺន័រកំពុងបត់ឆ្លងផ្លូវចំពីចហៀងខាងក្រោយ ។ ហេតុការណ៍នេះបានបង្កឲ្យឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ យ៉ែម បន ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតរស់នៅភូមិឈូកៀម ឃុំដុង ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ។ ចំណែកម្នាក់ដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណទេ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅព្យាបាលភ្លាមៗ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តកុងទីន័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខព្រះសីហនុ 4A.0906 បានបើកបរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ខណះមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេង ដើម្បីត្រឡប់មកក្រោយវិញ បន្ទាប់ពីរថយន្តកុងទឺន័របត់ជិតផុតទៅហើយ ស្រាប់តែមានបុរស២នាក់ជិះម៉ាកហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CP.0995 ជិះឌូបគ្នាក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកចំហៀងគូទរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកឌុបដួលបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង និងអ្នកអង្គុយពីក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯរថយន្តកុងទីន័រមិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេ គឺបន្តដំណើររហូតទៅដល់ចំណុចក្បែលូរ៥ទើបឈប់រីឯម្ចាស់បើកទ្វារត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ គេសង្កេតឃើញមានរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះរបួសធ្ងន់ទៅសង្គ្រោះភ្លាមផងដែរ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកោលសល្យវិច្ច័យ រួចប្រគល់ឲ្យទៅសាច់ញ្ញាតិដែលមកដល់កន្លែងកើតហេតុ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូនិងរថយន្តកុងទីន័រ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយៈជីម ភារ៉ា ដង្កោ