រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យខ្ទាតទៅផ្ទប់នឹងបង្គោលស្លាកសញ្ញាបាក់មួយដើម

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់រួមដំណើរ ជាមួយនឹងបុរសជនបរទេសម្នាក់ទៀត បានបើករថយន្តយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនបានជ្រុលប៉ះនឹងរថយន្តមួយគ្រឿងទៀតចំពីមុខពេញទំហឹង ប៉ើងលើចិញ្ចើមផ្លូវ បណ្តាលរថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាក LexusRX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6732 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ដែលផ្លូវបំបែកជាបួន បានបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកLexusGX470 ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2V-5899 បើកបរដោយបុរសជនបរទេស២នាក់ ធ្វើដំណើរចេញពីផ្លូវ២២២ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន បានជ្រុលទៅប៉ះរថយន្តLexusRX350 ពេញទំហឹងប៉ើង ទៅលើចិញ្ចើមផ្លូ ចំណែកឯរថយន្តlexusGX470វិញ ប៉ើងទៅបោកផ្ទប់នឹងបង្គោលស្លាកសញ្ញា បាក់មួយដើម សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print