ភ្នំពេញ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
បន្ទាប់ពីគោរពទង់ជាតិរួច លោកអធិការ បានផ្សព្វផ្សាយនូវផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។
លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន ។ ពិសេសផ្នែកសន្ដិសុខត្រូវក្ដាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ហើយប្រញ៉ាប់រាយការណ៍ជូនថ្នាក់ដឹកនាំ។
ជាកិច្ចបញ្ចប់លោកអធិការបានណែនាំបន្ថែម ដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ ត្រូវកាត់សក់ខ្លីជានិច្ច និងរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ជាពិសេសថែរក្សាសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕ដោយ៖សហការី