សារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Peter Adrian នាយកសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (DIHK) នៅថ្ងៃទី១៩ ខែកុម្ភៈ ដែលបាននិយាយថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ១៦០ពាន់លានអឺរ៉ូ (១៧១ ពាន់លានដុល្លារ) ក្នុងប្រទេសអាល្លឺម៉ង់ ដែលស្មើនឹងប្រហែល 4% នៃ GDP នៅចុងឆ្នាំនេះ។
យោងតាមមេដឹកនាំនៃ DIHK នោះមានន័យថា GDP សម្រាប់មនុស្សម្នាក់នៃសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនឹងត្រូវបានកាត់បន្ថយជាង 2.000 អឺរ៉ូបើប្រៀបធៀបទៅនឹងឆ្នាំមុន។
មុននោះ នាថ្ងៃទី១៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក៏បានបង្ហើបថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ទៅលើរុស្ស៊ីអស់រយៈពេលជិតមួយឆ្នាំ ដោយសារតែជម្លោះនៅអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចហុងគ្រីខូចខាតដល់ទៅ ៤ ពាន់ពាន់លាន Forint (ប្រមាណជាង ១០ ពាន់លានអឺរ៉ូ) ។ លោក Orban បានពន្យល់ថា ការខាតបង់នេះកើតចេញពីការកើនឡើងនៃតម្លៃថាមពល និងការចំណាយផ្សេងទៀតដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជននិងអាជីវកម្មក្នុងប្រទេសហុងគ្រី។
ក្នុងពេលនេះដែរ មន្ត្រីសហភាពអឺរ៉ុបបានអំពាវនាវឱ្យពន្លឿនការផ្តល់អាវុធដល់អ៊ុយក្រែនក្នុងការតទល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ នៅថ្ងៃបិទវេទិកាសន្តិសុខទីក្រុង Munich លោក Josep Borrell មន្ត្រីគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋសមាជិកបង្កើនល្បឿនជំនួយយោធាដល់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : AFP