ខេត្តព្រះសីហនុ៖ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះតៗគ្នារហូតផ្ទុះការរិះគន់រឿងមន្រ្តីនគរបាលចរាចរណ៍មួយរូប បានបេីកបរម៉ូតូបញ្ច្រាសទិសដៅផ្ទុយពីច្បាប់ចរាចរណ៍ជើងគោក។ ស្រាប់តែនៅព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ឱ្យមន្រ្តីអនុវត្តច្បាប់ ត្រូវតែមានវិធានការផាកពិន័យទៅលេីមន្រ្តីចរាចរណ៍រូបនេះដែលធ្វេីខុសច្បាប់។
សូមជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងករណីជិះបញ្រ្ចាសទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត។
សូមជម្រាបជូនថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃយប់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ និងធ្វើការឃាត់រថយន្ត និងម៉ូតូ ដែលបើកបរបញ្រ្ចាសទិស នៅត្រង់ចំណុចរង្វង់មូលសីហរាជមុខបី ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ៕ ដោយ៖អារុណរះ