ភ្នំពេញ ៖ គណៈកម្មការទី៧នៃរដ្ឋសភា សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនៈចំពោះដំណើរត្រលប់មកកម្ពុជាវិញនូវឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន ៧៧រូប ពីចក្រភពអង់គ្លេស។
គណៈកម្មការទី៧ នៃរដ្ឋសភា សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជាបន្តបន្ទាប់ ជាពិសេសការទាមទារត្រឡប់វិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានា ដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។
បន្ទាប់ពីវត្ថុបុរាណ ខ្មែរធ្វើពីថ្មនិងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៣ ក្រុម ការងារកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រម ទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោកឡាតហ្វដ។
ការប្រគល់-ទទួល រតនវត្ថុទាំងនេះ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូ កម្ពុជា ដឹកនាំដោយលោកហ៊ុន ម៉ានី តំណាងរាជរដ្ឋា ភិបាលកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំ ចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេស និងខម៉្មន់វែលនៃចក្រភពអង់គ្លេស អង្គភាពសិល្បៈនិងបុរាណវត្ថុនៃស្នងការដ្នានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់គ្លេស។ គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចជា ក្បាំង មកុដ ខ្សែ ក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿង អលង្ការមាស និងលោហៈមានតម្លៃមួយចំនួន។
រាជរដ្ឋាភិបាលកម្ពុជាសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមាន សុឆន្ទៈ ខ្នះខ្នែង និងសហការបានល្អប្រសើរជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការសម្របសម្រួលប្រគល់វត្ថុ បុរាណទាំងនេះជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ ដែលសរបញ្ជាក់ពីយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ទៀតថា “ការវិលត្រឡប់មកវីញនៃសម្បត្តិវប្បធម៌ជាតិទាំងនេះ បានបើក ទំព័រថ្មីមួយទៀត ក្នុងការស្វែង យល់ និងសិក្សាស្រាវជ្រាវអំពីចក្រភពអង្គរ និងសារៈសំខាន់នៃបេតិកភណ្ឌ ទាំងនោះសម្រាប់ពិភពលោក។ លោកស្រីរដ្ឋមន្ត្រី ក៏សូមលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរ ក៏ ដូចជាសា្ថប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហ ការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំ ការក្នុងប្រទេសនីមួយៗ ក្នុងការប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ ទុកកាយវិការនេះថា ជាទង្វើដ៏ថ្លៃថ្លាដ៏គួរឲ្យគោរពមួយ ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូល រួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងរងគ្រោះពីសោក នាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម។
ក្រសួងនឹងបន្តស្រាវជ្រាវ និងនាំយកសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ត្រឡប់ មកកម្ពុជាវិញ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិនានាលើពិភពលោក៕ ដោយ៖ សូរិយា