ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជូនសាធារណជនខណៈហ្វេសប៊ុកឈ្មោះ វិ ធាវី បង្ហោះថា​ សូម​អ្នករស់នៅ​ភូមិ​អំពិល​ទឹក​ ប្រុងប្រយ័ត្នមានចោរចងខ្សែលួសតាមផ្លូវប្លន់សម្លាប់យកម៉ូតូកូនខ្ញុំ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ នៅរសៀល​ ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ វិ ធាវី  បានបង្ហោះផ្សព្វផ្សាយមានខ្លឹមសារថា៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ រស់​នៅ​ភូមិ​អំពិល​ទឹក ​ឃុំកំពង់ភ្នំ​ ទាំង​អស់​សូម​មានការប្រុងប្រយ័ត្ន មានចោរចងខ្សែលួសតាមផ្លូវប្លន់សម្លាប់យកម៉ូតូកូនខ្ញុំ ចម្ងាយ​ពីផ្ទះប្រហែល៥០ម៉ែត្រ​នៅ​ថ្ងៃ​ទី​  ១៩.០២.២០២៣ តែសំណាង​មិនដួលទៅប្តឹងប៉ូលិសគាត់អោយយេីងមេីលចោរខ្លួនឯងហេីយគាត់មិនបានមកមេីលកន្លែងកេីតហេតុទេ​ អោយតែយ៉ាងហ្នឹងស្លាប់ប្រជាពលរដ្ឋអស់ហេីយ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ  ឈឿន សុុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៏ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖​ ​កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក​វរសេនីយ៍ឯក​ អាំ​ ធូ​ អធិការនគរបាលស្រុក​ បានបញ្ជា​កម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៍ស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ​ ចុះដល់ទីតាំងកេីតហេតុពិនិត្យនិងស្រាវជ្រាវ​ ស៊េីបអង្កេត​ ករណី​៖ រាយចងខ្សែលួសកាត់ទទឹងផ្លូវលំ បណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ​ ផល្លី​ សុជាតិ​ បានបញ្ជាក់ថា​៖​ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះ ផល្លី សុជាតិ បានមកពីធ្វើការនៅភ្នំពេញពេលមកដល់ផ្ទះ ក៏បានបបួលមិត្តភ័ក្តហូបស្រា នៅផ្ទះរបស់ខ្លួនដោយចាប់ផ្តើមតាំងពីម៉ោង ១៨និង ៣០នាទី និងបានជិះម៉ូតូទៅមកៗ ជាច្រើនលើកជាច្រើនសារតាមផ្លូវលំ​ ចូលផ្ទះរបស់ខ្លួននៅក្រោយឃ្លាំងតាសាយ ជាច្រើនជុំ ដោយទៅដឹកមិត្តភក័្តផង ទិញសាច់ក្លែមផង ទិញស្រាបៀផងជាច្រើនលើកច្រើនសារតាមផ្លូវលំចូលផ្ទះរបស់ខ្លួនដដែលៗដោយមិនមានបញ្ហាអ្វីកើតឡើយទេ។ លុះនាំគ្នាផឹករហូតដលម៉ោង២៣និង៣០នាទី ជនរងគ្រោះឈ្មោះ ផល្លី សុជាតិ បានជិះម៉ូតូតាមផ្លូវលំដដែលដើម្បីទៅទិញស្រាបៀមកផឹកទៀត ពេលជិះដល់កន្លែងកើតហេតុក៏បានទាក់នឹងខ្សែលួសដែលគេចងកាត់ផ្លូវលំ​ត្រូវក្បាលម៉ូតូដាច់ខ្សែលួសវាត់ត្រូវចង្ការនិង​ក​ បណ្ដាលឱ្យរងរបួស​ តែមិនបណ្តាលឱ្យដួលម៉ូតូឡេីយ​ រួចជនរងគ្រោះ​  ភ័យក៏បានជិះម៉ូតូបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដេីម្បីជួយអន្តរាគមន៍។ 

ឆ្លងតាមការស៊េីបអង្កេតស្រាវជ្រាវ​ ផ្នែកជំនាញនគរបាលយុត្តិធម៌​ ធ្វេីការសន្និដ្ឋានថា៖​ ករណីខាងលេីមិនមែនជា​ ករណីប្លន់​នោះទេ​ ព្រោះថា​ ជនសង្ស័យ(មិនស្គាល់អត្តសញ្ញាណ) ប្រហែលជាខឹងនិងជនរងគ្រោះជិះទៅមកៗលឿនៗច្រេីនលេីកច្រេីនសារ​ ហេីយផ្នែកជំនាញ និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់គឺការចងខ្សែលួស​មានកម្ពស់ ១ម៉ែត្រ​ពីដី​ ដាក់ទាក់សម្រាប់ឱ្យម៉ូតូដួលតែប៉ុណ្ណោះ។

សូមជម្រាបថា​ ករណីនេះបច្ចុប្បន្នផ្នែកជំនាញនគរបាលយុត្តិធម៌ កំពុងបន្តធ្វេីការស៊េីបអង្កេត ស្រាវជ្រាវ​ និងកំណត់មុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់។​ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print