លោក សេង ទៀង ៖ សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០លាន​រៀល ជូនម្ចាស់ក្ងោក បន្ទាប់ពីសមត្ថកិច្ចប្រគល់អោយម្ចាស់វិញ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ផ្តល់ភាព កក់ក្តៅ យុត្តិធម៌ ប្រកបដោយព្រហ្មវិហារធម៌ ដែលប្រជាពលរដ្ឋ គោរព ស្រឡាញ់ បំផុត។

សូមបញ្ជាក់ថា, លោក សេង ទៀង នាយករងខុទ្ទកា​ល័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឺងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន ១០ លាន​រៀល ទៅម្ចាស់ក្ងោក ។
លោកក៏បានទាក់ទង លោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់​ហើយ។ ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ ។

លោក យឹម សំអឿន បានចិញ្ចឹមក្ងោក រយៈពេល ជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកស្ថិតក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នក្ងោករបស់គាត់​មានចំនួន​ប្រមាណ ២០ក្បាល ។ ប្រជាពលរដ្ឋ ជាច្រើន បានអបអរសាទរ ដល់ម្ចាស់ក្ងោក ដែលបាន ទទួលនូវការប្រោសប្រណី ពីសម្តេចតេជោ រហូតដល់គាត់បានសត្វក្ងោក យកទៅចិញ្ចឹមវិញ ហើយក៏ជាលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិ ចូលរួមអភិរក្ស ស្រឡាញ់សត្វព្រៃ អនុញ្ញាតអោយចិញ្ចឹម។

សូមបញ្ជាក់ថា, កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអ្នកទទួលខុសត្រូវ ដែលបាន​ចាប់យកសត្វក្ងោក​របស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដល់ផ្ទះវិញជាបន្ទាន់នៅថ្ងៃនេះ ដោយគ្មានលើកពីហេតុផលអ្វីឡើយ មានន័យថា, យកទៅប្រគល់ជូនម្ចាស់ក្ងោក កាន់តឬលឿន កាន់តែល្អ មិនអោយលើសពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមជម្រាបជូនថា, តាមរយៈសារសំឡេង សម្ដេចតតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ៖ «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់សូមឲ្យអ្នកទទួលខុសត្រូវដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយក ទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ប្រសិនបើខ្វះការថែទាំខ្វះការយកចិត្តទុកដាក់» ។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបន្តថា : គ្មានហេតុផលណាមួយដែលត្រូវចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វហើយចាត់ទុកថាជាអំពើ ខុសច្បាប់នោះទេក្នុងករណីដែលច្បាប់មានចែង។ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់អ្នកច្បាប់ធ្វើការជាបន្ទាន់ដើម្បីធ្វើវិសោធនកម្មច្បាប់លុបចោលនូវកថាខណ្ឌណា​ដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមជំនួសការរារាំង​នៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ។
សម្តេច ក៏បានប្រាប់ឲ្យ មន្រ្តីនៅក្នុងក្រសួងកសិកម្មត្រូវដឹកជញ្ជូនសត្វនេះទៅដល់ផ្ទះ​អ្នកចិញ្ចឹមឱ្យបានឆាប់តាមដែលអា​ធ្វើទៅបាន ពោលគឺធ្វើនៅថ្ងៃនេះ តែម្តងគឺគ្មានការរង់ចាំដែលនេះជាបទ​បញ្ជារបស់នាយករដ្ឋមន្រ្តីដែលមិនអាចមិនអនុវត្តបានឡើយ ។

កន្លងមក រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ បន្ទាប់ពីចាប់សត្វក្ងោករួចក៏បានចេញ​លិខិត​កោះហៅ​លោកយឹមសំអឿន អ្នក​ចិញ្ចឹមសត្វ​ក្ងោកដែល​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ហាម​ឃាត់និង​រឹបអូស​កាលពីពេលថ្មីៗ​នេះឱ្យចូល​ខ្លួន​មក​ឆ្លើយបំភ្លឺដើម្បី​បន្ត​នីតិវិធី​បញ្ចប់​សំណុំរឿង បទល្មើស​សត្វព្រៃទាក់ទង​នឹង «​ការយក​ធ្វើជា​កម្មសិទ្ធិ ចិញ្ចឹម បង្កាត់​ពូជ​សត្វព្រៃ ដោយ​គ្មាន​ការអនុញ្ញាត​»​។​ ការហៅអោយចូលខ្លួននេះ ក៏ធ្វើអោយម្ចាស់ក្ងោក មានអារម្មណ៍មិនល្អ ភ័យខ្លាច ខណៈមន្ត្រីរដ្ឋបាលព្រៃឈើ គាត់រៀបគម្រោង ចាប់មិនយូរហើយ តាមរយៈការសុំទិញ ដើម្បីអោយមានបទល្មើស ការជួញដូរសត្វព្រៃ ប៉ុន្តែម្ចាស់ស្រឡាញ់ ខំចិញ្ចឹមជិត១០ ឆ្នាំ គឺមិនលក់ដាច់ខាត។

​យោង​លិខិត ចុះ​ថ្ងៃទី​ ២៣ ខែ​កម្ភៈ ឆ្នាំ​ ២០២៣ លោក កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ បានសរសេរថាកាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ សហការ​ជា​មួយអង្គ​ការ Wildlife Alliance បាន​ចុះ​ហាមឃាត់ និងដកហូត​ សត្វ​ក្ងោក ​៦ ​ក្បាលពី​លំនៅឋាន​របស់​ក្រុមគ្រួសារ​លោក យឹម សំអឿន ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​លិខិត​លោក អូ​ម៉ាលី​ស្ស បាន​តម្រូវឲ្យ​លោក យឹម សំអឿន ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​បន្ថែម នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ដើម្បី​បន្ត​នីតិវិធី​បញ្ចប់​សំណុំរឿង​បទល្មើស​សត្វព្រៃ​ទាក់ទង​នឹង​ «​ការយក​ធ្វើជា​កម្មសិទ្ធិ​ចិញ្ចឹម បង្កាត់​ពូជ​សត្វព្រៃ ដោយ​គ្មាន​ការអនុញ្ញាត​» ​។​

​យោងតាម​ប្រកា​សលេខ ០២០ ប្រក​.​កសក ចុះ​ថ្ងៃទី ​២៥ ខែមករា ឆ្នាំ ​២០០៧ ស្តីពី​ចំណាត់ថ្នាក់ និង​បញ្ជី​ឈ្មោះ​ប្រភេទ​សត្វព្រៃ​និង​ក្នុង​ឧបសម្ព័ន្ធ​ទី​២ នៃ​អនុសញ្ញា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ប្រភេទ​រុក្ខជាតិ និង​​សត្វព្រៃ​ជិត​ផុត​ពូជ (CITES) សត្វ​ក្ងោក (Green Peafowl) ឈ្មោះ​វិទ្យាសាស្ត្រ (Pavo muticus) ជា​ប្រភេទ​សត្វ​ស្លាប ស្ថិត​​នៅ​ក្រុម​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ​ ។
សូមរំលឹកថា, សត្វក្ងោកបានដល់ដៃម្ចាស់វិញហើយ សូមបងប្អូនទាំងឡាយស្ងប់ចិត្ត និងទុកនីតិវិធីផ្សេងៗបន្តដល់រាជរដ្ឋាភិបាលរៀបចំ។
សូមអរគុណចំពោះមតិយោបល់ និងការព្រួយបារម្មណ៍ ស្រលាញ់សត្វ តែសុំចិត្តបងប្អូនមួយចំនួន កុំទាញលើសពីនេះ ព្រោះករណីនេះ ម្ខាងអ្នកអនុវត្តតាមច្បាប់ និងម្ខាងស្របតាមទឹកចិត្តស្រលាញ់ និងថែរក្សាសត្វ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print