ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូប ផ្តល់ភាព កក់ក្តៅ យុត្តិធម៌ ប្រកបដោយព្រហ្មវិហារធម៌ ដែលប្រជាពលរដ្ឋ គោរព ស្រឡាញ់ បំផុត។
សូមបញ្ជាក់ថា, លោក សេង ទៀង នាយករងខុទ្ទកាល័យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឺងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន ១០ លានរៀល ទៅម្ចាស់ក្ងោក ។
លោកក៏បានទាក់ទង លោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់ហើយ។ ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ ។
លោក យឹម សំអឿន បានចិញ្ចឹមក្ងោក រយៈពេល ជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកស្ថិតក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។ បច្ចុប្បន្នក្ងោករបស់គាត់មានចំនួនប្រមាណ ២០ក្បាល ។ ប្រជាពលរដ្ឋ ជាច្រើន បានអបអរសាទរ ដល់ម្ចាស់ក្ងោក ដែលបាន ទទួលនូវការប្រោសប្រណី ពីសម្តេចតេជោ រហូតដល់គាត់បានសត្វក្ងោក យកទៅចិញ្ចឹមវិញ ហើយក៏ជាលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិ ចូលរួមអភិរក្ស ស្រឡាញ់សត្វព្រៃ អនុញ្ញាតអោយចិញ្ចឹម។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យអ្នកទទួលខុសត្រូវ ដែលបានចាប់យកសត្វក្ងោករបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដល់ផ្ទះវិញជាបន្ទាន់នៅថ្ងៃនេះ ដោយគ្មានលើកពីហេតុផលអ្វីឡើយ មានន័យថា, យកទៅប្រគល់ជូនម្ចាស់ក្ងោក កាន់តឬលឿន កាន់តែល្អ មិនអោយលើសពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សូមជម្រាបជូនថា, តាមរយៈសារសំឡេង សម្ដេចតតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ៖ «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់សូមឲ្យអ្នកទទួលខុសត្រូវដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយក ទៅជូនដល់ផ្ទះវិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ប្រសិនបើខ្វះការថែទាំខ្វះការយកចិត្តទុកដាក់» ។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបន្តថា : គ្មានហេតុផលណាមួយដែលត្រូវចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វហើយចាត់ទុកថាជាអំពើ ខុសច្បាប់នោះទេក្នុងករណីដែលច្បាប់មានចែង។ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់អ្នកច្បាប់ធ្វើការជាបន្ទាន់ដើម្បីធ្វើវិសោធនកម្មច្បាប់លុបចោលនូវកថាខណ្ឌណាដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមជំនួសការរារាំងនៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ។
សម្តេច ក៏បានប្រាប់ឲ្យ មន្រ្តីនៅក្នុងក្រសួងកសិកម្មត្រូវដឹកជញ្ជូនសត្វនេះទៅដល់ផ្ទះអ្នកចិញ្ចឹមឱ្យបានឆាប់តាមដែលអាធ្វើទៅបាន ពោលគឺធ្វើនៅថ្ងៃនេះ តែម្តងគឺគ្មានការរង់ចាំដែលនេះជាបទបញ្ជារបស់នាយករដ្ឋមន្រ្តីដែលមិនអាចមិនអនុវត្តបានឡើយ ។
កន្លងមក រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្ទាប់ពីចាប់សត្វក្ងោករួចក៏បានចេញលិខិតកោះហៅលោកយឹមសំអឿន អ្នកចិញ្ចឹមសត្វក្ងោកដែលសមត្ថកិច្ចជំនាញបានចុះហាមឃាត់និងរឹបអូសកាលពីពេលថ្មីៗនេះឱ្យចូលខ្លួនមកឆ្លើយបំភ្លឺដើម្បីបន្តនីតិវិធីបញ្ចប់សំណុំរឿង បទល្មើសសត្វព្រៃទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។ ការហៅអោយចូលខ្លួននេះ ក៏ធ្វើអោយម្ចាស់ក្ងោក មានអារម្មណ៍មិនល្អ ភ័យខ្លាច ខណៈមន្ត្រីរដ្ឋបាលព្រៃឈើ គាត់រៀបគម្រោង ចាប់មិនយូរហើយ តាមរយៈការសុំទិញ ដើម្បីអោយមានបទល្មើស ការជួញដូរសត្វព្រៃ ប៉ុន្តែម្ចាស់ស្រឡាញ់ ខំចិញ្ចឹមជិត១០ ឆ្នាំ គឺមិនលក់ដាច់ខាត។
យោងលិខិត ចុះថ្ងៃទី ២៣ ខែកម្ភៈ ឆ្នាំ ២០២៣ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានសរសេរថាកាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការ Wildlife Alliance បានចុះហាមឃាត់ និងដកហូត សត្វក្ងោក ៦ ក្បាលពីលំនៅឋានរបស់ក្រុមគ្រួសារលោក យឹម សំអឿន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងលិខិតលោក អូម៉ាលីស្ស បានតម្រូវឲ្យលោក យឹម សំអឿន ចូលខ្លួនមកឆ្លើយបំភ្លឺបន្ថែម នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមីនា ដើម្បីបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត» ។
យោងតាមប្រកាសលេខ ០២០ ប្រក.កសក ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES) សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្ត្រ (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ ។
សូមរំលឹកថា, សត្វក្ងោកបានដល់ដៃម្ចាស់វិញហើយ សូមបងប្អូនទាំងឡាយស្ងប់ចិត្ត និងទុកនីតិវិធីផ្សេងៗបន្តដល់រាជរដ្ឋាភិបាលរៀបចំ។
សូមអរគុណចំពោះមតិយោបល់ និងការព្រួយបារម្មណ៍ ស្រលាញ់សត្វ តែសុំចិត្តបងប្អូនមួយចំនួន កុំទាញលើសពីនេះ ព្រោះករណីនេះ ម្ខាងអ្នកអនុវត្តតាមច្បាប់ និងម្ខាងស្របតាមទឹកចិត្តស្រលាញ់ និងថែរក្សាសត្វ ៕
ដោយ : សហការី