ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ បានឃេីញខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ ទងនឹងករណីមុខសញ្ញាជួញដូរនិងប្រេីប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានក្រុងបាត់ដំបងដែលបញ្ហានេះមហាជនលោកសូមស្នេីសុំការចាត់វិធានការពីសមត្ថកិច្ចនគរបាល។
ទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារប្រតិកម្មរហ័ស សហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុងធ្វេីការស្រាវជ្រាវនិងមានវិធានការជាបន្ទាន់។
រហូតដល់រសៀលថ្ងៃដដែលនេះ សមត្ថកិច្ចនគរបាលបានធ្វេីការស្រាវជ្រាវលេីគោលដៅនៅសង្កាត់ស្វាយប៉ោ ក្បែរបរិវេណស្ថានីយ៍រថភ្លេីងក្នុងក្រុងបាត់ដំបង ដោយធ្វេីការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន១៣នាក់ ក្នុងនោះដកហូតបានម៉្សៅក្រាមព៌ណសសង័្សយជាគ្រឿងញៀនចំនួន០៦ថង់និងសម្ភារៈសម្រាប់ ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។
មនុស្សប្រុស ស្រីទាំង១៣នាក់នេះជាលទ្ធផលបានពិនិត្យឃេីញថា ពួកគាត់សុទ្ធតែមានវិជ្ជមាននៃសារធាតុញៀន នៅក្នុងខ្លួនទាំងអស់គ្នាហេីយនៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការសាកសួរស្រាវជ្រាវបន្តទៀតជុំវិញករណីនេះនិងឈានទៅចាត់ការបន្តទៅតាមនីតិវិធី ច្បាប់។
ទន្ទឹមនេះក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្តល់ព័ត៌មាននិងចូលរួមនូវមតិយោបល់នានា របស់មហាជនលេីការងារសន្តិសុខសណ្តាប់សង្គម ដែលជាមូលដ្ឋាននាំទៅដល់ការអនុវត្តវិធានការបង្រ្កាបបានទាន់ពេលវេលា និងសូមមហាជនបន្តចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលជាបន្តទៀតដោយភាតរភាពបំផុត។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕ ដោយ៖សហការី