លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រសិនបើអាចកំណត់តម្លៃលើព្រលឹងវិញ្ញាណរបស់ខ្លួន តើយើងនឹងក្លាយទៅជាមនុស្សវង្វេងស្មារតីកម្រិតណា?

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី១ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បាន​អញ្ជើញចូលរួមពិធី​រាត្រីសមោសរដើម្បី​ប្រមូលថវិកាសម្រាប់​ជួយដល់​មូលនិធិបេតិកភណ្ឌកម្ពុជា ក្នុងការប្រមូលមកវិញនូវបេតិកភណ្ឌជាតិ ដែលបានបាត់ក្នុងដំណាក់កាលដែលប្រទេសជាតិបានជួបវិបត្តិសង្គ្រាមស៊ីវិល។ ពិធីសមោសរនេះត្រូវបានរៀបចំទ្បើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា « American Chamber of Commerce in Cambodia (AmCham) » នៅសណ្ឋាគារសាន់អេនមូន នារាជធានី​ភ្នំពេញ។

ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និង រីករាយនេះ លោកបណ្ឌិត បានមាន​ប្រសាសន៍ថា ការបាត់បង់បេតិកភណ្ឌជាតិ គឺជាភាពសោកសង្រេងដ៏ធំធេងដែលបានបន្សល់ទុកដោយសង្រ្គាមស៊ីវិលនៅកម្ពុជា។ សម្រាប់ជនជាតិខ្មែរ បេតិកភណ្ឌជាតិមិនត្រឹមតែជាសិល្បៈ និង វត្ថុបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាលោហិត និង ព្រលឹងវិញ្ញាណ ដែលកំណត់អត្តសញ្ញាណជាជនជាតិខ្មែរទាំងក្នុងពេលអតីតកាល បច្ចុប្បន្នកាល និង អនាគតកាល ។ លោកបណ្ឌិតបានបន្តទៀតថា វាជាការសង្វេគណាស់ដែលឃើញបេតិកភណ្ឌជាតិរបស់យើង ត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីរជាតិ និង ទីតាំងឯកជននានា នៅពាសពេញពិភពលោក ដែលកេរមរតកជាតិទាំងនេះ គួរតែត្រលប់មកនៅផ្ទះរបស់ខ្លួនវិញ។ កាន់តែមហាសង្វេគជាងនេះទៅទៀត គឺនៅពេលដែលឃើញបេតិកភណ្ឌជាតិរបស់យើង ត្រូវបានដាក់តម្លៃក្នុងព្រឹតិការណ៍ដេញថ្លៃនានា ព្រោះថា « ប្រសិនបើអាចកំណត់តម្លៃលើព្រលឹងវិញ្ញាណរបស់ខ្លួនបាន តើយើងនឹងក្លាយទៅជាមនុស្សវង្វេងស្មារតីកម្រិតណា?»
លោកបណ្ឌិត ក៏បានសម្តែងនូវការរំពឹងគិតថា « សេចក្តីសង្ឃឹមរបស់យើង គឺបន្តថែរក្សាសនិ្តភាព និង ឯកភាពជាតិ ដើម្បីលើកតម្តើងអត្តសញ្ញាណជាតិខ្មែររបស់យើង ជាមួយនឹងការខិតខំប្រមែប្រមូលមកវិញនូវបេតិកភណ្ឌជាតិដែលបានបាត់បង់ ដើម្បីរំលឹកដល់កូនខ្មែរគ្រប់រូបឱ្យនឹកចងចាំថា ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។ »

ជាចុងក្រោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណ និងកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ ជាពិសេស មូលនិធិបេតិកភណ្ឌកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង ធនធាន ក្នុងការរួមចំណែកកសាងមោទនភាពជាតិខ្មែរ និងជួយរំលឹកឱ្យសាកលលោកដឹងអំពីអារ្យធម៌រុងរឿងរបស់កម្ពុជា ដែលនេះជាក្តីស្រមៃរបស់ជនជាតិខ្មែរគ្រប់រូប។ ជាមួយគ្នាផងដែរ លោកបណ្ឌិត ក៏បានអរគុណដល់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា « American Chamber of Commerce in Cambodia (AmCham) » សម្រាប់ការជួយគាំទ្រយ៉ាងកក់ក្តៅចំពោះកម្ពុជា មានជាអាទិ៍÷ ការប្រមែប្រមូលបេតិកភណ្ឌជាតិខ្មែរត្រលប់មកកម្ពុជាវិញ, ការជួយគាំទ្រដល់យុទ្ធនាការកម្ពុជាគ្មានមីន, ការជួយគាំពារផ្នែកសុខភាពដល់បុគ្គលិកបម្រើការនៅក្នុងរោងចក្រកាត់ដេរ ដែលកាយវិការដ៏ប្រពៃនេះបង្ហាញនូវការប្តេជ្ញាចិត្តជួយកសាងនូវសហគមន៍ និង សង្គមកម្ពុជាមួយដ៏រុងរឿង។ ជាងនេះទៅទៀត ក៏បានបង្ហាញផងដែរនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង កម្ពុជា-សហរដ្ឋអាម៉េរិកទាំងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល ធុរកិច្ច និងធុរកិច្ច ព្រមទាំងប្រជាជន និងប្រជាជន ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print