ខេត្តស្វាយរៀង: ដឹងការពិតហើយមូលហេតុករណីឆេះអគារ ជាន់ទី ០៦ នៃកាស៊ីណូប៉ារីសបូព៌ា មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល នេះបើតាមការអោយដឹងពីលោកឧត្ដមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ។
បើតាមការញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងបាវិតថាកាល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាច មានករណីអគ្គិភ័យឆេះអគារជាន់ទី៦ នៃកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយកងកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម បានអន្តរាគមន៍បាញ់ពន្លត់ រហូតដល់វេលាម៉ោង ១១:៣០នាទីយប់ ទើបរលត់ទាំងស្រុង សមត្ថកិច្ចយើងបានជម្លៀសមនុស្សចេញអស់ មិនបណ្តាលអោយមានមនុស្សរងគ្រោះនោះទេ ។
សូមបញ្ជាក់ថាក្រោមការបញ្ជាដឹកនាំកម្លាំងផ្ទាល់ពី លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយមានកិច្ចសហការល្អ និងទាន់វេលា ពីកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ប្រជាការពារ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ទើបអាចគ្រប់គ្រងបាន ខណះ ប្រើប្រាស់កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន ១៣២ នាក់, កម្លាំងកងរាជអាវុធហត្ថ ៥២ នាក់ កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ០៨ នាក់ និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ដោយប្រើប្រាស់រថយន្តស្ទូច ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យ ១៨គ្រឿង និងរថយន្តដឹកទឹកជំនួយ ០១គ្រឿង
និងប្រើប្រាស់ទឹកអស់ ៦១ រថយន្ត ផងដែរ៕